ស៊ែប៊ីរំដោះគ្រាប់បែកទម្ងន់ ៤៧០គីឡូក្រាម សល់ពីសង្គ្រាមលោកលើកទី ២ ដោយសុវត្ថិភាព

បែលក្រាដ ៖ មន្រ្តីជំនាញបានស្រង់យកគ្រាប់បែកមានទម្ងន់ដល់ទៅ ៤៧០គីឡូក្រាម នៅសល់ពីសម័យសង្គ្រាមលោកលើកទី ២ ដោយសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ក្រោយរកឃើញនៅឯការដ្ឋានសំណង់មួយកន្លែង ក្នុងរដ្ឋធានីបែលក្រាដ របស់ប្រទេសស៊ែប៊ី ។

គ្រាប់បែក AN-M44 នេះ ផលិតនៅសហរដ្ឋអាមេរិក ហើយត្រូវបានប្រើប្រាស់ដោយសម្ព័ន្ធមិត្តអាមេរិក នៅពេលវាយប្រហារតាមអាកាសលើទីតាំងរបស់អាល្លឺម៉ង់ កំឡុងពេលរំដោះទីក្រុងបែលក្រាដ ពីការកាន់កាប់របស់ពួកណាស៊ីក្នុងឆ្នាំ ១៩៤៤ ។

គ្រាប់បែកខ្នាតធំនេះ ត្រូវបានដឹកជញ្ជូនទៅកាន់ទីលានហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធ មានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រពីទីក្រុងបែលក្រាដ ជាកន្លែងដែលវានឹងត្រូវគេបំផ្លាញចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។

ក្រៅពីគ្រាប់បែក AN-M44, ក៏មានគ្រាប់បែកមិនទាន់ផ្ទុះជាច្រើនគ្រាប់ទៀត ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមលោក ត្រូវបានគេរកឃើញនៅប្រទេសស៊ែប៊ីក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ប៉ុន្តែពួកវាត្រូវបានមន្រ្តីជំនាញស្រង់យកដោយសុវត្ថិភាព ដោយមិនចាំបាច់បំផ្ទុះចោលនៅហ្នឹងកន្លែងទេ ។

តួយ៉ាង នៅខែកញ្ញា ឆ្នាំ ២០២៤ គ្រាប់កាំភ្លើងធំមានអាយុកាលមួយសតវត្សរ៍ដែលមានទម្ងន់ជិត ៣០០គីឡូក្រាម ត្រូវបានរំដោះចេញពីការដ្ឋានសំណង់មួយកន្លែង ក្បែរសភាស៊ែប៊ី ក្នុងទីក្រុងបែលក្រាដ ដោយជោគជ័យ ។

ចំណែកនៅឆ្នាំ ២០២១ គ្រាប់បែកសល់ពីសម័យសង្គ្រាមលោកលើកទី ២ មានទម្ងន់ ២៤២គីឡូក្រាម ក៏ត្រូវបានស្រង់ចេញពីការដ្ឋានសំណង់មួយកន្លែងនៅជាយក្រុង Belgrade ដោយសុវត្ថិភាពផងដែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner