BYD នឹងវ៉ាដាច់ Tesla ក្លាយជាក្រុមហ៊ុនឡានអគ្គិសនីលក់ដាច់បំផុតលើពិភពលោក

ប៉េកាំង ៖ ក្រុមហ៊ុន BYD របស់ចិន ត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការផ្តួលគូប្រជែងខ្លួន គឺក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋីអាមេរិក Elon Musk ដើម្បីក្លាយជាក្រុមហ៊ុនឡានអគ្គិសនីលក់ដាច់បំផុតរបស់ពិភពលោកប្រចាំឆ្នាំ ២០២៥ ។

ក្រុមហ៊ុនផលិតឡានអគ្គិសនីខ្នាតយក្សទាំងពីរ ត្រូវបានគេរំពឹងថា នឹងបញ្ចេញតួលេខលក់ឡានចុងក្រោយរបស់ពួកគេសម្រាប់ឆ្នាំ ២០២៥ នេះក្នុងពេលឆាប់ៗ ។ ប៉ុន្តែបើយោងតាមទិន្នន័យលក់បានបង្ហាញថា ក្រុមហ៊ុន Tesla ដែលដឹកនាំដោយលោកនាយកប្រតិបត្តិ Elon Musk នឹងមិនអាចរក្សាតំណែងកំពូលរបស់ខ្លួនដូចមុនបានឡើយ ។

បើតាមសារព័ត៌មាន The Straits Times, គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនឡានអគ្គិសនី BYD មានមូលដ្ឋាននៅទីក្រុង Shenzhen ដែលផលិតទាំងរថយន្តហាយប្រ៊ីដផងនោះ លក់ឡានអគ្គិសនីបានចំនួនជាង ២,០៧លានគ្រឿង ។

រីឯក្រុមហ៊ុនឡានអគ្គិសនី Tesla វិញ លក់ឡានបានចំនួនជាង ១,២២លានគ្រឿង គិតត្រឹមចុងខែកញ្ញាឆ្នាំនេះ ។ ហើយបើយោងតាមការព្យាករនោះ Tesla ប្រហែលជាអាចលក់ឡានបានត្រឹមតែចំនួន ១,៦៥លានគ្រឿងប៉ុណ្ណោះ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៥នេះ ធ្លាក់ចុះ ៧.៧ភាគរយ ។

យ៉ាងណា លោក Elon Musk បានបង្ហើបឱ្យដឹងថា ដើម្បីដណ្តើមតំណែងមកវិញ ក្រុមហ៊ុន Tesla ត្រៀមបញ្ចេញឡាន Cybercab ជាប្រភេទរថយន្តម៉ូដែល Robotaxi បើកបរដោយស្វ័យប្រវត្តិ ដែលនឹងចាប់ផ្តើមផលិតកម្មនៅក្នុងខែមេសាឆ្នាំ២០២៦ ។

បន្ថែមលើនេះ Tesla ក៏មានគំរោងបញ្ចេញរថយន្តអគ្គិសនីជំនាន់ថ្មីតម្លៃទាប រួមមានរថយន្តអគ្គិសនី Model 3 និង Y ជាមួយនឹងការដាក់ក្តីរំពឹងខ្ពស់ថា ពួកវានឹងជួយរុញច្រានកំណើននៃលក់ឡើងវិញ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner