រុស្ស៊ី សម្ញែងមីស៊ីលហោះចម្ងាយ ៥ ពាន់គីឡូម៉ែត្រ និងលឿនជាងសំឡេង ១០ ដង កម្លាអឺរ៉ុប

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូជាផ្លូវការ អួតពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំលេង ១០ ដង និងហោះក្នុងចម្ងាយប្រហែល ៥.៥០០គីឡូម៉ែត្រ មានឈ្មោះថា Oreshnik ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីបេឡារុស ។

ទោះបីជាវីដេអូមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ ប៉ុន្តែអ្នកស្រាវជ្រាវអាមេរិកបានប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីកំណត់អត្តសញ្ញាណទីតាំងនោះថា ជាមូលដ្ឋានទ័ពអាកាស Krichev-6 ដែលត្រូវបានបោះបង់ចោលកាលពីមុន ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្លាប់បាននិយាយថា ប្រព័ន្ធមីស៊ីល Oreshnik ប្រហែល ១២គ្រឿង នឹងត្រូវដាក់ពង្រាយក្នុងប្រទេសរបស់លោក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជា សកម្មភាពឈ្លានពានពីសំណាក់លោកខាងលិច ។

ទន្ទឹមគ្នា អ្នកជំនាញយល់ថា នេះគឺជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំង ដើម្បីគំរាមកំហែងនុយក្លេអ៊ែរ រារាំងប្រទេសសមាជិកណាតូ មិនឲ្យផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ។

បើតាមសារព័ត៌មាន Al Jazeera, មូលហេតុដែលរុស្ស៊ីធ្វើបែបនេះ ទំនងជាមានគោលបំណងបង្កើនសមត្ថភាពវាយប្រហារគោលដៅនានានៅទូទាំងអឺរ៉ុបបានកាន់តែរហ័ស ក្នុងករណីមានសង្រ្គាមកើតឡើង ។

តួយ៉ាង ការដាក់ពង្រាយនេះ ធ្វើឡើងនៅក្នុងប្រទេសបេឡារុស ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន និងប្រទេស ជា សមាជិកណាតូ ដូចជា ប៉ូឡូញ លីទុយអានី និងឡាតវី ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner