អ៊ីស្រាអែល ធ្វើទារុណកម្មបង្អត់ទឹកអ្នកជាប់ឃុំប៉ាឡេស្ទីន ១២ ម៉ោងជាប់គ្នា
ហ្ស៊េរុយសាឡិម ៖ របាយការណ៍ថ្មីមួយបានបង្ហាញ កាលពីថ្ងៃពុធ ថា អ៊ីស្រាអែលបានធ្វើទារុណកម្មមិនឲ្យអ្នកជាប់ឃុំប៉ាឡេស្ទីន ផឹកទឹក រយៈ១២ម៉ោង ជាប់គ្នា អំឡុងសង្គ្រាមប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា។
របាយការណ៍ របស់ការិយាល័យអ្នកការពារសាធារណៈ នៃ ក្រសួងយុត្តិធម៌អ៊ីស្រាអែល បានរៀបរាប់ថា អ្នកទោសប៉ាឡេស្ទីន ត្រូវបានរារាំង មិនឱ្យផឹកទឹក អំឡុងពេលសង្រ្គាម អស់រយៈពេលជាច្រើនម៉ោង ដោយក្នុងករណីខ្លះ មានរហូតដល់ កន្លះថ្ងៃ។ ការរកឃើញនេះ គឺផ្អែកលើរបាយការណ៍ របស់អ្នកតំណាងអ្នកការពារសាធារណៈ ដែលបានត្រួតពិនិត្យពន្ធនាគារអ៊ីស្រាអែល ក្នុងឆ្នាំ២០២៤។
កាលពីខែមករា សមាគមសិទ្ធិស៊ីវិល ក្នុងប្រទេសអ៊ីស្រាអែល ធ្លាប់បានដាក់ញត្តិ ទៅតុលាការ Jerusalem ទាមទារឱ្យមានការលាតត្រដាង របាយការណ៍នេះ។ ដំបូងឡើយ រដ្ឋាភិបាលបានបដិសេធ ដោយលើកហេតុផលថា ការបោះពុម្ភផ្សាយនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ជាពិសេស ដោយសារតែឈ្លើយសឹកអ៊ីស្រាអែល នៅតែត្រូវបានឃុំខ្លួន នៅហ្គាហ្សា ។
ជាការឆ្លើយតប នឹងរបាយការណ៍ថ្មី ដែលបញ្ជាក់ពីការបង្អត់ទឹកអ្នកទោសប៉ាឡេស្ទីន រហូតដល់១២ម៉ោង, ទីភ្នាក់ងារពន្ធនាគារអ៊ីស្រាអែល បានបដិសេធ ដោយនិយាយថា ជាការចោទប្រកាន់ មិនត្រឹមត្រូវ។
អ្នកទោសប៉ាឡេស្ទីន ជាង១ម៉ឺននាក់ រួមទាំង ស្ត្រី និងកុមារ បច្ចុប្បន្ន ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែល ជាកន្លែងដែលពួកគេប្រឈមមុខនឹងការធ្វើទារុណកម្ម, ការអត់ឃ្លាន និងការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត នេះបើយោងតាមរបាយការណ៍សិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ របស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន Anadolu, កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សនៅក្នុងតំបន់ហ្គាហ្សា ជាង៧ម៉ឺន១,២០០នាក់ ដែលភាគច្រើន គឺជាស្ត្រី និងកុមារ ហើយ ជាង១៧ម៉ឺន១២០០នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕
ប្រភពពី Anadolu, ប្រែសម្រួល ៖ សារ៉ាត