ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា-ថៃ ឯកភាពគ្នាប្រគល់តួនាទីទៅគណៈកម្មាធិការចម្រុះព្រំដែន អនុវត្តការងារវាស់វែងព្រំដែន និងកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនតាមរយៈកម្លាំងនោះឡើយ
ភ្នំពេញ៖ កន្លងមកនេះ ភាគីទាំងពីរគឺ កម្ពុជា-ថៃ បានឯកភាពគ្នាប្រគល់តួនាទីឱ្យ ទៅគណៈកម្មាធិការចម្រុះព្រំដែនក្នុងការបន្តការអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាព យូរអង្វែងនៅតាមបណ្តោយព្រំដែន ដោយភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
ថ្លែងបញ្ជាក់ក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា៖កម្ពុជា-ថៃនឹងធ្វើការវាស់វែង និងខណ្ឌសីមាព្រំដែនប្រើប្រាស់នូវយន្តការដែល មានស្រាប់នៃគណៈកម្មាធិការចម្រុះព្រំដែនដើម្បីធ្វើការធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែង ចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។
ឯកឧត្តមបានថ្លែងថា៖កន្លងមកនេះកម្ពុជា និងថៃមានសេចក្តីប្រកាសរួមនាកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ JBC រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់នៅត្រង់ចំណុចទី៣ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រៀមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វឱ្យប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។
ឯកឧត្តម ប៉ែន បូណា បានបន្តថា ភាគីទាំងពីរឯកភាពគ្នាទៀតថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការ ងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតាមតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ នេះគឺជាខ្លឹមសារដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយដែលភាគី ទាំងពីរកំពុងអនុវត្តតាម តាមរយៈបទឈប់បាញ់ដែលបានឯកភាពគ្នានាពេលនេះ។
ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្ថែមថា៖”បើយើងងាកមកមើលពីជំហររបស់កម្ពុជាវិញ គឺកម្ពុជាប្រកាន់ជំហរដ៏ ម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលបានបន្សល់ទុឱ្យដោយគណៈកម្មាធិការព្រំដែន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មាធិការបោះបង្គោលព្រំដែន-សៀម ព្រមទាំងកិច្ចព្រមព្រៀង រួមនឹងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក”។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថាចំពោះ អ្វីដែលយើងបានឃើញនៅកន្លែងមួយចំនួនតាមព្រំដែន គឺមិនមែនជាការកំណត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃនោះទេ សូមឱ្យបងប្អូនយើងច្បាស់នៅត្រង់កន្លែងនេះ និងសូមរង់ចាំក្រុមករងារប្រទេសទាំងពីរចុះវាស់វែងសិន នោះទើបយើងអាចកំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរ។ ដូច្នេះសូមឱ្យបងប្អូនជនរួមជាតិយល់ត្រង់ចំណុចនេះ និងស្ងប់ចិត្តដោយរង់ចាំរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះនាថ្ងៃខាងមុខ៕
ដោយ៖ ម៉ាដេប៉ូ