ឯកឧត្តមប្រធានសភា អារ៉ាប់ប៊ីសាអូឌីត Abdullah Muhammad Ibrahim Al-Sheikh បានជម្រាបជូនសម្តេចធិបតី
អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការ ក្នុងគោលដៅចម្បង គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានសភា បន្ថែមថា សភាអារ៉ាប់ប៊ីសាអូឌីត បានអញ្ជើញ សម្តេចប្រធានរដ្ឋសភា កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប់ប៊ីសាអូឌីត ដែលនេះជាការអញ្ជើញជាពិសេសរបស់អារ៉ាប់ប៊ីសាអូឌីតចំពោះកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត ដែលបានជួយគាំទ្រដល់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេស ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម ទៅសិក្សានៅអារ៉ាប់ប៊ីសាអូឌីត។
សម្តេចធិបតីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងភ្ជាប់ទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
#ams1minute