តារាហូលីវូដ Angelina Jolie ចុះលើកទឹកចិត្តជនភៀសខ្លួនហ្គាហ្សា
ហ្គាហ្សា ៖ តារាភាពយន្តហូលីវូដ Angelina Jolie បានទៅកាន់ច្រកឆ្លងកាត់ព្រំដែន Rafah នៅខាងប្រទេសអេហ្ស៊ីប នាថ្ងៃសុក្រ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចមនុស្សធម៌ និងលើកទឹកចិត្តដល់ជនភៀសខ្លួនហ្គាហ្សា ។
តាមរយៈដំណើរទស្សនកិច្ចនេះ តារាសម្តែងលំដាប់ពិភពលោកអាមេរិករូបនេះ មានបំណងចុះពិនិត្យមើលស្ថានភាពរបស់ជនជាតិប៉ាឡេស្ទីន ដែលរងរបួសដោយសារសង្គ្រាមហ្គាហ្សា និងវាយតម្លៃកិច្ចប្រឹងប្រែងផ្តល់ជំនួយ
ដល់ដែនដីមួយនេះ ។
អ្នកនាង Angelina Jolie ត្រូវបានអមដំណើរដោយតំណាងក្រសួងការបរទេសអាមេរិក ព្រមទាំងអភិបាលតំបន់ Northern Sinai និងរដ្ឋមន្ត្រីអន្តោប្រវេសន៍អេហ្ស៊ីប ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងមនុស្សធម៌អន្តរជាតិ និងគាំទ្រកិច្ចប្រឹងប្រែងផ្ដល់ជំនួយរបស់អាមេរិក-អេហ្ស៊ីប ។
បច្ចុប្បន្ន ប្រជាជនហ្គាហ្សាកំពុងប្រឈមនឹងស្ថានភាពមហន្តរាយ ដោយសារសង្គ្រាមរយៈពេល ២ឆ្នាំរបស់អ៊ីស្រាអែលនៅតំបន់នេះ ដែលបណ្តាលឲ្យមនុស្សជាង ៧០.០០០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ ។ អេហ្ស៊ីបបានទទួលយកជនភៀសខ្លួនជាច្រើនពីតំបន់ហ្គាហ្សា តាមរយៈច្រកឆ្លងកាត់ Rafah ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


