ព្យាករណ៍៖ ធាតុអាកាសចុះត្រជាក់ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៥ ខែមករា
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ចូច្នេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងអតិបរមា៣០°C។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
នៅតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពមធ្យមអប្បបរមាចុះដល់១៤°C និងអតិបរមា២៨°C នៅខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ។ តំបន់ទាំងនេះក៏ពុំមានភ្លៀងធ្លាក់ដែរ។
ដោយឡែក នៅតំបន់មាត់សមុទ្រ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប សីតុណ្ហភាពមធ្យមអប្បបរមាគឺ១៩°C និងអតិបរមា៣០°C។ ពុំមានភ្លៀងធ្លាក់ឡើយ ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងអតិបរមា ១ ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់នេះ ជាមួយនឹងខ្យល់កន្ត្រាក់ ជាពិសេសត្រជាក់នៅពេលយប់ និងពេលព្រឹក ហើយថែរក្សាសុខភាពផ្ទាល់ខ្លួន ដើម្បីជៀសវាងពីបញ្ហា ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕