អាមេរិក ចាយ ២ ពាន់លានដុល្លារ បំពាក់ម៉ាស៊ីនថ្មីដល់យន្តហោះទម្លាក់គ្រាប់បែក B-52
វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកបានចុះកិច្ចសន្យាតម្លៃជាង ២ ពាន់លានដុល្លារជាមួយក្រុមហ៊ុន Boeing ដើម្បីជំរុញកម្មវិធីអភិវឌ្ឍម៉ាស៊ីនថ្មីជំនួសម៉ាស៊ីនចាស់របស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 បន្ទាប់ពីយន្តហោះមួយនេះធ្វើប្រតិបត្តិការអស់រយៈពេល ៦៣ ឆ្នាំមកហើយ ។
ម៉ាស៊ីនសេរ៊ីថ្មីដែលត្រៀមនឹងបំពាក់លើយន្តហោះ B-52 មានឈ្មោះ Rolls-Royce F130 ។ ម៉ាស៊ីនថ្មីនេះនឹងជំនួសម៉ាស៊ីនស៊េរីចាស់ឈ្មោះ Pratt and Whitney TF33 ដែលប្រើប្រាស់តាំងពីឆ្នាំ ១៩៦២ មកម្ល៉េះ ។
កងទ័ពអាកាសអាមេរិករំពឹងថា ការងារនេះ នឹងត្រូវបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០៣៣ ។
បើតាមសារព័ត៌មាន interesting engineering, ការបំពាក់ម៉ាស៊ីនថ្មីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនអាយុកាលប្រើប្រាស់របស់យន្តហោះទម្លាក់គ្រាប់បែក B-52 ឲ្យបន្តប្រតិបត្តិការរហូតដល់ឆ្នាំ ២០៥០ មុនពេលប្រកាសចូលនិវត្តន៍ ។
ក្រៅពីការអភិវឌ្ឍម៉ាស៊ីនថ្មី ការវិនិយោគនេះ ក៏រួមបញ្ចូលទាំងការពិនិត្យឡើងវិញនូវការរចនាយន្តហោះ, ការសាកល្បងយន្តហោះ និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដូចជាប្រព័ន្ធរ៉ាដា AN-APQ-188 ផងដែរ ។
យន្តហោះ B-52 ត្រូវបានរចនា និងផលិតឡើងដោយក្រុមហ៊ុន Boeing ។ វាគឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកបានទាំងគ្រាប់បែកធម្មតា គ្រាប់នុយក្លេអ៊ែរ និងរួមទាំងគ្រាប់បែកចង្កោមផងដែរ ។
បច្ចុប្បន្ន កងទ័ពអាកាសអាមេរិកមានយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៧៥ គ្រឿង ៕
ប្រភព ៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា