អង្គការសហប្រជាជាតិ គាំទ្រដល់តម្រូវការមនុស្សធម៌ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពពលរដ្ឋនៅកម្ពុជា

អត្ថបទដោយ៖
Sophol Kung

អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ឯកឧត្តម ចូ សូយ័រ បានសម្តែងនូវសមានចិត្តអាណិតចំពោះប្រជាជនភៀសសឹកកម្ពុជា និងជនរងគ្រោះ ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម បានបញ្ជាក់ជាថ្មីឡើងវិញ ពីសាមគ្គីភាពជាមួយសហគមន៍ដែលទទួលរងការប៉ះពាល់ និងពីការប្តេជ្ញាចិត្តជាបន្តរបស់ អ.ស.ប. ក្នុងការគាំទ្រដល់តម្រូវការមនុស្សធម៌ ការការពារ និងកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពមនុស្ស ។

ការបង្ហាញពីក្តីអាណិតដល់ពលរដ្ឋរងគ្រោះកម្ពុជានេះ ក្នុងឱកាសដែល ឯកឧត្តម ប្រាក់ សុខុន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងជំនួបនោះ បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏ មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ឯកឧត្តម បានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តគាំទ្រកម្ពុជា ដែលជាប្រទេសតូច ស្រលាញ់សន្តិភាព និងចង់បានតែសន្តិភាពជាមួយនឹងប្រទេសជិតខាង ដើម្បីឱ្យប្រជាជនទាំងសងខាងរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ។

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសម្តែងនូវអំណរគុណចំពោះ អ.ស.ប. ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពមីនក្រោមប្រតិបត្តិការរក្សាសន្តិភាព ។ ហើយកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ អ.ស.ប. ក្នុងវិស័យនេះ ដោយទទួលស្គាល់នូវការរួមចំណែករបស់ អ.ស.ប. ក្នុងការជំរុញគោលបំណងមនុស្សធម៌ ការការពារជនស៊ីវិល និងការគាំទ្រកិច្ចប្រឹងប្រែងរក្សាសន្តិភាពអន្តរជាតិ ។

ឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងអំឡុងរបសកកម្មការងាររបស់ឯកឧត្តម ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះ បានអនុញ្ញាតឱ្យប្រព័ន្ធ អ.ស.ប. អាចផ្តល់នូវការគាំទ្រកាន់តែមានប្រសិទ្ធភាពលើវិស័យជាច្រើន ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការតម្រង់អាទិភាពជាតិ ឱ្យស្របទៅនឹងរបៀបវារៈ អភិវឌ្ឍន៍សកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជាដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាចលករក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមអាទិភាពជាតិរបស់កម្ពុជា និងតួនាទីសកលរបស់អង្គការសហប្រជាជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការជិតស្និទ្ធជាមួយ អ.ស.ប. ជាពិសេសអ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ថ្មី ប្រចាំនៅកម្ពុជា គឺលោកស្រី វ៉្លាដាំងកា អាន់វ៉ា ។ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner