កូរ៉េខាងត្បូង ពឹង ចិន ជួយស្តារទំនាក់ទំនងជាមួយ កូរ៉េខាងជើង ឡើងវិញ

សេអ៊ូល ៖ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូងបានជំរុញឲ្យប្រមុខដឹកនាំប្រទេសចិនជួយដើរតួនាទីសម្របសម្រួល ដើម្បីស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ ជាពិសេសស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ។

ការពឹងពររបស់លោក Lee Jae Myung ធ្វើឡើង ក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនកាលពីថ្ងៃទី៥ ខែមករា ។

លោក Lee Jae Myung និយាយថា លោកបានស្នើឲ្យលោកប្រធានាធិបតីចិន Xi Jinping ឲ្យជួយដើរតួនាទីសម្របសម្រួល ដល់កិច្ចប្រឹងប្រែងរបស់កូរ៉េខាងត្បូង នៅក្នុងការបង្កើតទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ ។

បើតាមសារព័ត៌មាន The Straits Times, ក្នុងជំនួបនោះ លោក Lee Jae Myung ក៏ស្នើដល់លោក Xi Jinping ជួយសម្របសម្រួលសន្តិភាពនៅឧបទ្វីបកូរ៉េផងដែរ ។

លោក Wi Sung-lac ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងនិយាយថា មេដឹកនាំទាំងពីរទទួលស្គាល់ដូចគ្នាថា សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ គឺជាផលប្រយោជន៍រួមរបស់កូរ៉េខាងត្បូង និងចិន ហើយប្រទេសទាំងពីរគួរតែដើរតួនាទីក្នុងន័យស្ថាបនា នៅក្នុងកិច្ចខិតខំប្រឹងប្រែងនោះ ។

បើតាម Reuters, នេះជាជំនួបលើកទី ២ ហើយរវាងលោក Lee Jae Myung និងលោក Xi Jinping ខណៈជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងកាលពីខែវិច្ឆិកា ឆ្នាំមុន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner