ឆេះទូកទេសចរណ៍ជាង ២០ គ្រឿងនៅភូកេត
បាងកក ៖ ទូកទេសចរណ៍ល្បឿនលឿនជាង ២០ គ្រឿងនៅក្នុងខេត្ត Phuket ភាគខាងត្បូងប្រទេសថៃបានជួបឧបទ្ទវហេតុភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ។
បើតាមសារព័ត៌មាន VNexpress, ហេតុការណ៍នេះបានកើតឡើង នៅព្រឹកព្រលឹម ថ្ងៃទី៧ ខែមករា នៅឯកំពង់ផែ Chalong ។
សាក្សី និងមន្ត្រីជំនាញនិយាយថា ដំបូងឡើយ មានករណីផ្ទុះឆេះលើទូកតែមួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែក្រោយមកខ្យល់សមុទ្របានបោកបក់ ពាំរងើកភ្លើង រហូតឆេះរាលដាល ដល់ទូកផ្សេងៗទៀត ដែលចតនៅក្បែរនោះ បណ្តាលឲ្យអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។
ក្រោយទទួលបានដំណឹង, អាជ្ញាធរខេត្ត Phuket បានចល័តទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ យ៉ាងណា ដោយសារតែខ្យល់បក់ខ្លាំង ទើបបណ្ដាលក្រុមអ្នកពន្លត់អគ្គីភ័យ ពិបាកចូលទៅជិត និងមិនអាចពន្លត់ភ្លើងបានទាន់ពេលវេលា ។
បើតាមសេចក្តីរាយការណ៍បឋម អគ្គិភ័យនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ប៉ុន្តែ ទូកទេសចរណ៍ ជាង ២០ គ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈមូលហេតុនៃគ្រោះអគ្គិភ័យ កំពុងស្ថិតក្នុងការស៊ើបអង្កេត ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត