អង់គ្លេស ជួយឲ្យអាមេរិក រឹបអូសយកនាវាដឹកប្រេងរបស់រុស្ស៊ី
បរទេស ៖ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានផ្តល់ជំនួយដល់សហរដ្ឋអាមេរិក ក្នុងការរឹបអូសបាននាវាដឹកប្រេងមួយគ្រឿង របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ក្រោមហេតុផលថាដឹកប្រេងខុសច្បាប់ពីវេណេស៊ុយអេឡា។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT, មន្ទីរបញ្ចកោណ បានអះអាងថា នាវា Marinera ដែលពីមុនត្រូវបានគេស្គាល់ថា នាវា ‘Bella 1’ បានជាប់ពាក់ព័ន្ធ ក្នុងការចោទប្រកាន់ថា “បំពានលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក” ទើបត្រូវបានរឹបអូស នៅក្នុងដែនទឹកអន្តរជាតិ អំឡុងពេលឆ្ពោះដំណើរ ទៅកាន់ភាគពាយព្យ នៃ ប្រទេសស្កុតឡែន។
បន្ទាប់ពីរឹបអូសរួច, ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ប្រទេសរបស់ខ្លួនបានផ្តល់ការគាំទ្រ ដល់យោធាអាមេរិក ក្នុងការរឹបអូស តាមសំណើរបស់ទីក្រុង វ៉ាស៊ីនតោន។ អង់គ្លេសអះអាងថា កប៉ាល់មួយគ្រឿងនេះមានប្រវត្តិមិនច្បាស់លាស់ ហើយ ត្រូវបានគេចោទថា ជាផ្នែកមួយនៃអ័ក្ស ដែលគេចពីការដាក់ទណ្ឌកម្ម លើរុស្ស៊ី និង អ៊ីរ៉ង់។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក បាននិយាយថា ការរឹបអូសយកកប៉ាល់មួយគ្រឿងនេះ គឺ ពាក់ព័ន្ធទៅនឹងទណ្ឌកម្ម ហើយបានដឹកប្រេងខុសច្បាប់ របស់វេណេស៊ុយអេឡា។
ទីក្រុងម៉ូស្គូ បានទទួលស្គាល់ថា ពិតជាមានការរឹបអូសនាវាដឹងប្រេងរបស់រុស្ស៊ី ពិតមែន។ ក្រសួងដឹកជញ្ជូន ចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលធានានូវសេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងដែនទឹកអន្តរជាតិ។
ប្រភពបានបន្តថា នាវាដឹកប្រេង ដែលបានធ្វើដំណើរ លើសមុទ្រអន្តរជាតិ តាំងពីចុងឆ្នាំ២០២៥ មួយគ្រឿងនេះ ត្រូវបានដាក់គោលដៅរឹបអូស លើកដំបូង ពីសំណាក់យោធាអាមេរិក បន្ទាប់ពីមានការចោទប្រកាន់ថា បានបើកបានចូលទៅជិតប្រទេស វេណេហ្ស៊ុយអេឡា។
មិនយូរប៉ុន្មាន បន្ទាប់ពីការរឹបអូសនាវាដឹកប្រេងរុស្ស៊ីនេះរួច សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងទៀត នៅសមុទ្រការ៉ាប៊ីន។ យោធាអាមេរិក បានពណ៌នា នាវាឈ្មោះ Sophia មួយគ្រឿងនេះថា បានដឹកប្រេងខ្មៅងងឹត គ្មានរដ្ឋ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត