លោក ត្រាំ គំរាមជាថ្មីថា អាមេរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំង បើសិនបន្តសម្លាប់បាតុករ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្លុតគំរាមសាជាថ្មីថា អាមេរិកនឹងធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ហើយការវាយប្រហារនោះ កាន់តែខ្លាំងក្លា បើសិនអាជ្ញាធរទីក្រុងតេហេរ៉ង់បន្តសម្លាប់មនុស្ស ក្នុងចំណោមក្រុមអ្នកតវ៉ានៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអភិរក្សនិយមកាលពីថ្ងៃព្រហស្បតិ៍ថា ខ្ញុំសូមប្រាប់អ៊ីរ៉ង់ឱ្យដឹងថា បើសិនពួកគេបន្តការសម្លាប់ក្រុមអ្នកតវ៉ា… យើងនឹងវាយប្រហារពួកគេឱ្យកាន់តែខ្លាំងក្លា ។

ការព្រមានចុងក្រោយនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ ផ្ទាល់ និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត បានគំរាមជាច្រើនលើករួចហើយថា ទីក្រុងវ៉ាស៊ីនតោននឹងចូលទៅជួយសង្គ្រោះប្រជាជនអ៊ីរ៉ង់ បើសិនអ៊ីរ៉ង់សម្លាប់ក្រុមបាតុករដោយសន្តិវិធី ។

ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថ្កោលទោស និងនិយាយថា ការសម្លុតគំរាមរបស់អាមេរិក ក្នុងបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ គឺជាផ្នែកមួយនៃគោលនយោបាយយូរអង្វែងរបស់រដ្ឋបាលលោក ត្រាំ ដែលមានគោលបំណងដាក់សម្ពាធ ច្រើនជាងបង្ហាញការព្រួយបារម្ភពិតប្រាកដ ចំពោះសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់ ។

បើតាមសារព័ត៌មាន Independent, ចំនួនអ្នកស្លាប់កើនឡើងដល់ ៣៦នាក់ហើយ ខណៈដែលបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី១០ ដែលបង្កឡើងពីការដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ។

ទន្ទឹមគ្នា មន្ត្រីអ៊ីរ៉ង់បានអះអាងថា បាតុកម្មនេះ ជា «កុបកម្ម» ដែលបង្កឡើងដោយបរទេស ហើយបានព្រមានខ្លាំងៗថា ការជ្រៀតជ្រែកណាមួយរបស់អាមេរិក នឹងធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ ក្លាយជាគោលដៅវាយប្រហារស្របច្បាប់ ៕

ប្រភព ៖ ស៊ីនហួរ និង Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner