អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាពរបស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានលាន់ឮឡើងពាសពេញពិភពលោក
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា កម្លាំងមហាសាមគ្គីជាតិ ឯកភាពជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាព របស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានលាន់ឮឡើងពាសពេញពិភពលោក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញនូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ដើម្បីឧទ្ទិសដល់មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ និងសារៈសំខាន់ដែលខ្មែរត្រូវរួមគ្នាដើម្បីថែរក្សាការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី៖
ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសារអបអរសាទរខួប៤៧ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា បានដាស់ស្មារតីកូនខ្មែរថា៖ នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយ មកលើជាតិ មាតុភូមិ និងប្រជាជនយើង។
ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារទៅកាន់វីរៈកងទ័ព វីរៈកងនគរបាលជាតិនិងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក៏បានអង្រួនស្មារតីកូនខ្មែរថា៖ ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនយើង នៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង។
សម្តេចធិបតីបានបង្ហាញក្តីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាព ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តទៀតថា ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់នឹងភ្នែកគ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាពរបស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសបានលាន់លឺពាសពេញពិភពលោក។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លាប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ






