ឯកឧត្តម ហ៊ុន ម៉ានី ៖សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តតែង​មាន​គ្រប់កាលៈទេសៈ

ភ្នំពេញ៖នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) កាលពី​ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥០០នាក់ ។

អាន៖បណ្ឌិតសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ​សាកល​វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុ​ប្រធាន​ប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា រយៈពេល ១៤ឆ្នាំកន្លងមករបស់ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខា​ភិបាលមានការរីកធំធាត់ និងចូលរួមក្នុង​ការពង្រីកសេវា​ថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ និងប្រជាជនភៀសសឹកដោយ​ឥតគិតថ្លៃ ។ចូលរួមក្នុងការបណ្តុះស្មារតីមនុស្សធម៌ សីលធម៌វិជ្ជាជីវៈ​ដោយភ្ជាប់ជាមួយរូបសញ្ញាស.ស.យ.ក ជាពិសេសចូលរួមជាមួយ​រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹក​ចិត្ត​កងទ័ពនៅសមរភូមិជួរ​មុខជាដើម ។

ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍ចំពោះសមាជិកនៃ​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី​ដែល​ទើបនឹង​ជ្រើសរើសថ្មីប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលនេះ ។លើសពីនេះក៏បានថ្លែងអំណរគុណ ចំពោះ​ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំលះបង់កម្លាំង​កាយចិត្ត និងពេលវេលាដើម្បីបុព្វហេតុ និង​បេសកកម្មមនុស្សធម៌ រួមទាំងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាព​ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ការរីកធំធាត់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ក៏អាស្រ័យទៅលើការ​យល់ច្បាស់ពីបុព្វហេតុ​របស់ក្រុមការងារក្នុងការសម្រាលបន្ទុកប្រទេសជាតិ តាមរយៈការ​បំពេញតម្រូវការសុខាភិបាលដល់ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​ផងដែរ ។ ឯកឧត្តម បានគូសរំលេចថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែល​ប្រទេស​ជាតិ​មានសុខ​សន្តិភាពទេ ប៉ុន្តែនៅពេលដែលប្រទេសជាតិ និងប្រជាជនជួបប្រទះ​នូវការលំបាក ឬត្រូវការ ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានចូលចំណែក និងខ្នះខ្នែងជួយទៅតាមសមត្ថភាព និងលទ្ធភាព​រៀងៗខ្លួន ដែលនេះ បានបង្ហាញពី​ឆន្ទៈ​ដ៏មោះមុត​របស់ក្រុមគ្រូពេទ្យក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner