ក្រសួងរៀបចំដែនដីបន្តប្រគល់បណ្ណកម្មសិទ្ធិចំនួន ២០៧ បណ្ណ ជូនអតិថិជនគម្រោងដីឡូតិ៍ “ភូមិមរតក” នៅស្វាយរៀង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧ បណ្ណ ស្មើនឹង១៦៤គ្រួសារ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ “ភូមិមរតក” ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន​ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហាជាបន្ទបន្ទាប់ រហូតឈាន​ដល់ការចែក​បណ្ណ​កម្មសិទ្ធិនៅពេលនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដីនឹង​បន្តជំរុញ​ការចេញ​វិញ្ញាបនបត្រ​ជូនអតិថិជនដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់ឆាប់រហ័ស ។

គម្រោងដីឡូតិ៍ភូមិមរតក នឹងត្រូវរៀបចំឲ្យក្លាយជាឧបសម្ព័ន្ធមួយរបស់ភូមិដែលមានស្រាប់ ពោលគឺមិនមែនជាបុរីដាច់ដោយឡែកនោះទេ ដោយក្រសួងនឹងសហការជាមួយអាជ្ញាធរខេត្ត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឯកសារអត្តសញ្ញាណដីធ្លីច្បាស់លាស់ ហើយជំហានបន្ទាប់ នឹងមានការរៀបចំមូលនិធិអភិវឌ្ឍន៍ឃុំ ដែលអាចមាន​វិសាលភាព​ទូលំទូលាយក្នុងការអភិវឌ្ឍមូលដ្ឋានជារួម ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអំពាវនាវឲ្យម្ចាស់ដីឡូតិ៍ទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ការប្រមូលសំរាម និងការកសាងសាលារៀនគ្រប់កម្រិត ដើម្បីអភិវឌ្ឍសហគមន៍ឲ្យមានចីរភាព ជាប្រយោជន៍រួម ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលខាងមុខ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការរៀបចំគម្រោងឲ្យបានច្បាស់លាស់ អំពីទីតាំងណាដែលគួរ និងមិនគួរសាងសង់បុរី ដោយផ្អែកលើកំណើនប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឆ្លើយតបនឹងក្តីកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងរៀបចំដែនដីបានធ្វើការ​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែលបានទិញដីឡូតិ៍ក្នុងគម្រោង “ភូមិមរតក” ដោយសរុបទាំងពីរលើក ក្រសួង​បាន​ប្រគល់​៣៣៦បណ្ណរួចហើយ ហើយនៅសល់ចំនួន៤៣៤បណ្ណទៀត ដែលត្រូវបន្តដោះស្រាយ​ប្រគល់​ជូន​នាពេលខាងមុខ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner