ឯកឧត្តម ប៉ែន បូណា៖ ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ដែលបានកើតពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ដែលបានកើតពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះលែងយោធិនកម្ពុជា ១៨នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល ១៥៥ថ្ងៃ។
លទ្ធផលជាវិជ្ជមានទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនយោបាយការទូតដ៏សកម្មដើម្បីបង្កើតឱ្យមានបទឈប់បាញ់ ហើយងាកទៅរកការចរចាតាមផ្លូវការទូត និងច្បាប់អន្តរជាតិវិញ ក្រោមការជួយជ្រោមជ្រែងពីភាគីអន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក៏ដូចស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមក។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
ដោយ៖ពលជ័យ