កម្ពុជាកំពុងស្នើអាម៉េរិកបន្តកាត់បន្ថយពន្ធបដិការពី១៩ភាគរយមកតិចជាងឬ សូន្យភាគរយលើមុខទំនិញមួយចំនួន
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា កម្ពុជាកំពុងតែបន្តការចរចារជាមួយសហរដ្ឋអាម៉េរិក ដើម្បីផ្តល់ការបញ្ចុះពន្ធបដិការបន្ថែមទៀតលើវិស័យមួយចំនួន ក្នុងនោះ វិស័យកាត់ដេរ វិស័យស្បែកជើង សម្ភារៈធ្វើដំណើរជាដើម ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៦កាលពី
រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រាប់អង្គសន្និបាតថា តាមរយៈកិច្ចចរចាពន្ធបដិការក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិក បានបង្កើននូវទំនុកចិត្តទាក់ទាញអ្នកវិនិយោគ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលគាំទ្រដល់ការនាំចេញ និងការបង្កើតការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋ។ទន្ទឹមនឹងនេះកម្ពុជាក៏កំពុងតែបន្តការចរចារជាមួយសហរដ្ឋអាម៉េរិក ដើម្បីផ្តល់ការបញ្ចុះពន្ធបដិការបន្ថែមទៀតលើវិស័យមួយចំនួន ក្នុងនោះមាន វិស័យកាត់ដេរ វិស័យស្បែកជើង សម្ភារៈធ្វើដំណើរជាដើម ។ឯកឧត្តមបន្ថែមថា ការបន្តសុំការចរចារលើវិស័យទាំងនេះធ្វើយ៉ាងណាដើម្បីឱ្យអាម៉េរិកបន្តបញ្ចុះពន្ធបដិការនេះថែមទៀតពី១៩ ភាគរយ មកនៅក្រោមនេះ ឬអាចដល់សូន្យភាគរយ ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ គឺក្រុមការងារចរចាពន្ធបដិការ បានដាក់លិខិតស្នើសុំដែលមាន២.៨០០បន្ទាត់ ទៅសហរដ្ឋអាម៉េរិក ដើម្បីពិនិត្យមើលបន្ទាត់ពន្ធមួយណាអាចបញ្ចុះទាប រហូតដល់សូន្យភាគរយ។

គួររំលឹកថា កិច្ចចរចាពន្ធបដិការក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជានិងសហរដ្ឋអាម៉េរិកបានធ្វើឡើងរយៈពេល៧ខែ ពោលគឺចាប់តាំងថ្ងៃពី១៧ ខែមេសា ឆ្នាំ២០២៥ តាមប្រពន្ធអនឡាញ និងការចរចារផ្ទាល់ និងបានបញ្ចប់ជាស្ថាពរ និងបានចុះហត្ថលេខាជាមួយគ្នាបញ្ចប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។កម្ពុជា ជាប្រទេសទី១បានបញ្ចប់ នូវការចរចារពាណិជ្ជកម្មពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ខណៈម៉ាឡេស៊ីជាប្រទេសទី២។

សម្រាប់ឆ្នាំ២០២៥ កម្ពុជាក៏បានជោគជ័យក្នុងការធ្វើពិពិធកម្មលើមុខទំនិញដោយការពង្រីក ការផលិត ការនាំចេញ កសិកម្មកែច្នៃ ឧស្សាហកម្មធុនស្រាល និងអេឡិចត្រូនិច ហើយបន្ថយការពឹងផ្អែកទៅលើផលិតផលកាត់ដេរ និងវត្ថុធាតុដើម ដែលមិនទាន់កែច្នៃ។ឯកឧត្តម ស៊ុន ចាន់ថុល បានគូសរំលេចបន្ថែមនូវចំណុចនេះថាជាក់ស្តែងភាគរយនៃការនាំចេញផលិតផលសំលៀកពាក់ កាត់ដេរ ស្បែកជើងនិង សម្ភារៈធ្វើដំណើរបានថយចុះពី៩១ភាគរយក្នុងឆ្នាំ២០០០ មកប្រមាណ៣៧,៨៩ភាគរយក្នុងឆ្នាំ២០២៥ ខណៈទំនិញកម្មន្តសាលមិនមែនកាត់ដេរ មានគ្រឿងបង្គុំអេឡិចត្រូនិក កង់ សំបកកង់យានយន្ត គ្រឿងសង្ហារឹម រួមទាំងកសិកផលកែច្នៃ បានកើនឡើងពី៩ភាគរយ ទៅ៦២,១១ភាគរយនៅក្នុងរយៈពេលដូចគ្នា ។

ដើម្បីឱ្យកម្ពុជា ឈានទៅរកប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាមិនអាចពឹងផ្អែកលើវិស័យកាត់ដេរ សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរតែមួយមុខនោះទេ។នេះបើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

ចំណែកលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានរំលេចពីស្ថានភាពពាណិជ្ជកម្មថា ស្ថានភាពពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២៥សម្រេចបានចំនួន ៦២,២៤ពាន់លានដុល្លារអាម៉េរិក កើនឡើងក្នុងរង្វង់១៨ភាគរយ បើធៀបនិងឆ្នាំ២០២៤ ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ ៣១.២៨ពាន់លានដុល្លារកើនឡើង១៧ភាគរយ ។ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន អាមេរិក៤១ភាគរយ អាស៊ាន១៨ភាគរយ សហភាពអឺរ៉ុប ១៦ ភាគរយ។ចំណែកការនាំចេញ និងការនាំចូលបានឈានប្រហាក់ប្រហែលគ្នា ដែលកំណើននៃការនាំចេញនេះបង្ហាញពីប្រសិទ្ធភាពនៃកិច្ចចរចារសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ។
គប្បីជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆ្នាំ២០២៣បានអនុម័ត២៦៣គម្រោង ,នៅឆ្នាំ២០២៤ បានអនុម័ត៤១៤គម្រោងដែលជាប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា រយៈពេល៣០ឆ្នាំចុងក្រោយនេះ ខណៈឆ្នាំ២០២៥ បានអនុម័ត៦៣០ គម្រោង ដែលជាការកើនឡើងរហូតដល់៥០ភាគរយ ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា
