ប៊ែលធី គ្រុប បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងយុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិជិត ១ ០០០នាក់ នាថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ដែលបានស្ម័គ្រចិត្ត ចូលរួមយុទ្ធនាការបរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
យោងតាមរបាយការណ៍របស់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានឱ្យដឹងថា នេះជាលើកទី៨ហើយ ដែលប៊ែលធី គ្រុប បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមលើកនេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ គឺចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ ម៉ោង ៥:០០ល្ងាច ដោយមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃ ប៊ែលធី គ្រុប ព្រមទាំង យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានស្ម័គ្រចិត្តចុះឈ្មោះរួចចំនួនជិត ១,០០០នាក់ និងកំពុងបន្តចុះឈ្មោះបរិច្ចាគឈាមជាបន្តបន្ទាប់ទៀត។ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កម្មវិធីបរិច្ចាគឈាមនេះ បានក្លាយទៅជាវប្បធម៌ដ៏ល្អ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ប៊ែលធី គ្រុប ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងដ៏ខ្ពង់ខ្ពស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធីទាំងអស់ ដែលតែងតែចូលរួមគាំទ្រ និងធ្វើអំណោយទានជីវិត តាម រយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនយកកម្រៃ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ ដល់សុខភាពនោះទេ ហើយថែមទាំងមានអត្ថប្រយោជន៍ផ្ទាល់ខ្លួនទៀតផងដែរ ។ គោលបំណងសំខាន់ នៃការបរិច្ចាគឈាមគឺបង្កើតទម្លាប់នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងសកម្មភាពមនុស្សធម៌ដ៏ប្រពៃនៅក្នុងសង្គម។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃប៊ែលធី គ្រុបទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួម បរិច្ចាគឈាម តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីសាមគ្គីភាព និងការចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ទឹកចិត្តតែមួយ ខ្មែរតែមួយ ជាមួយវីរកងទ័ពជួរមុខដែលបានការពារជាតិ បូរណភាពទឹកដី និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់ ។ គណៈគ្រប់គ្រង នៃប៊ែលធី គ្រុបទាំងអស់ សូម អរគុណវីរៈនគរបាល និង វីរកងទ័ពជួរមុខរបស់យើង ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនយើងទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ថាកម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយ របស់សមាគមសប្បុរសធម៌ ប៊ែលធី (BELTEI Charity Association) ដែល ប៊ែលធី គ្រុប បង្កើតឡើងក្នុង គោលបំណងចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសហគមន៍ដែលជួបការលំបាក តាមរយៈការចូលរួមកិច្ចការសង្គម ការងារមនុស្សធម៌ និងសប្បុរសធម៌ជាច្រើន ដូចជា ការជួយឧបត្ថម្ភដល់ប្រជាជនងាយរងគ្រោះ គ្រួសារខ្វះខាត ឬជួបការលំបាក ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ត្រីទើបសម្រាលកូន និងការផ្តល់ជំនួយសង្រ្គោះបន្ទាន់ផ្សេងៗជាច្រើនទៀត និងមានពាក្យស្លោករបស់ខ្លួនគឺ «ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយសីលធម៌ និងគុណធម៌» «Education has to be in conjunction with morality and virtue»៕
ដោយ៖ហេង វណ្ណា