កម្ពុជា-អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
កាលពីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ។ ជំនួបនេះបានផ្តល់ឱកាសដើម្បី ផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកបន្ថែមទៀត ហើយបានធ្វើឡើង បន្ទាប់ពី ឯកឧត្តម Michael George DeSombre ចូលជួបសម្តែងការគួរសមចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ សហរដ្ឋអាម៉េរិកបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០ គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើង។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងន័យនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយចំនួន១០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តម DeSombre អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា អាទិភាពរបស់កម្ពុជា គឺរក្សាបទឈប់បាញ់ អនុញ្ញាតឱ្យជនស៊ីវិលភៀសសឹកទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ និងពន្លឿនការងារបោះបង្គោល ខណ្ឌសីម៉ាព្រំដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីចំពោះការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តម ប្រធានាធិបតី ដូណាល់ ជេ ត្រាំ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ដែលកម្ពុជា និងថៃ សម្រេចបាននៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការបន្តប្តេជ្ញាចិត្ត របស់សហរដ្ឋអាម៉េរិក ក្នុងការលើកទឹកចិត្តដល់ការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដូច ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម DeSombre បានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញ លេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ ខណ្ឌសីម៉ាព្រំដែន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានស្វាគមន៍ផងដែរចំពោះការដោះលែងយោធិនខ្មែរ១៨នាក់ ដែលបានវិលត្រឡប់មកជួបជុំគ្រួសារ វិញ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ដែលបានផ្តល់ថវិកាចំនួន១៥លានដុល្លារអាម៉េរិក ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍នៅព្រំដែនកម្ពុជា និងថៃ និងថវិកាចំនួន ១០ លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅកម្ពុជា៕