“ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យរបស់ អៀង សារី បរាជ័យក្រោមនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ”
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយពីមានការផ្តាច់ខ្លួន កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៩៦ នៅ សណ្ឋាគារមួយក្នុងខេត្តច័ន្ទបូរី ប្រទេសថៃ រវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា ជួបជាមួយចលនាផ្តាច់ខ្លួនរបស់លោក អៀង សារី។ ក្នុងកិច្ចប្រជុំនោះបានផ្តោតលើខ្លឹមសារចំនួន៤គឺ៖
ទី១) ការឈប់បាញ់គ្នារបស់កម្លាំងនៅខ្សែត្រៀម ជួរមុខ និងទំនាក់ទំនងតភ្ជាប់ភូមិសាស្ត្រជាមួយគ្នារវាងកម្លាំងផ្តាច់ខ្លួន និងកម្លាំងរាជរដ្ឋាភិបាល។
ទី២) ស្នើរៀបចំគណៈកម្មការសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងផ្តាច់ខ្លួន។
ទី៣) ចលនាផ្តាច់ ខ្លួនស្នើសុំលើកលែងទោស អៀង សារី ដែលត្រូវតុលាការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញចេញសាលក្រមនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ១៩៧៩ កាត់ទោសប្រហារជីវិតពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។
ទី៤) បើកច្រកព្រំដែនកម្ពុជាថៃនៅទិសប៉ៃលិន និងម៉ាឡៃ។ ទោះបីជាមានសម្បទានយ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ក៏ក្រុមផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី នៅតែចិញ្ចឹមចិត្តក្នុងការទាមទារតម្លៃមួយខ្ពស់ពី រាជរដ្ឋាភិបាល ដោយជឿជាក់ថា ខ្លួននៅតែមានឥទ្ធិពលខ្លាំងក្លាគ្របដណ្តប់ទៅលើមេបញ្ជាការខ្មែរក្រហម ដែលនៅតំបន់រណបរបស់ខ្លួន។ ក៏ប៉ុន្តែខុសអំពីការវាយតម្លៃរបស់ខ្លួន មេដឹកនាំផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី ទទួលនូវសម្ពាធយោធាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដោយបណ្តាភូមិសាស្ត្រដែលជាបង្អែកជួរមុខរបស់ខ្លួនត្រូវបានកងយោធពលខេមរភូមិន្ទធ្វើការទំនាក់ទំនងអូសទាញ និងចូលកាន់កាប់ជាបន្តបន្ទាប់ដូច ជាតំបន់ច្រលព្រាល ទួលគ្រួស តាសាញ់ ទឹកសុខ បាសាក់ អូរដូង ថ្មសំលៀង។
ស្ថានការណ៍នេះបានធ្វើឱ្យ ក្រុមមេដឹកនាំផ្តាច់ខ្លួន អៀង សារី ភិតភ័យ និងបានរម្ភខ្លាចបាត់បង់ជាបន្តបន្ទាប់មិនមានទម្ងន់ក្នុងការតថ្លៃ ជាមួយរាជរដ្ឋាភិបាល។ កាលនោះ លោក អ៉ី ឈាន និងលោក សុខ ភាព បានប្រញាប់រកការអនុញ្ញាតបានចូលជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រញាប់ធ្វើសមាហរណកម្មនៅតំបន់ប៉ៃលិន និងម៉ាឡៃដោយមិនជឿតាមការបោកប្រាស់ទៀតទេ។
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ