SpaceX គ្រោងបាញ់បង្ហោះផ្កាយរណបថែម ៧,៥០០ គ្រឿងទៀតទៅទីអវកាស
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីពិភពលោក Elon Musk មានគំរោងបាញ់បង្ហោះផ្កាយរណប Starlink ជំនាន់ទី២ ដល់ទៅ ៧.៥០០ គ្រឿងថែមទៀតទៅកាន់គន្លងតារាវិថី ដើម្បីជំរុញសេវាកម្មអ៊ីនធឺណិតទូទាំងពិភពលោក ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ។
គណៈកម្មការ FCC បាននិយាយថ្មីៗនេះថា ចាប់ពីពេលនេះ ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk អាចធ្វើប្រតិបត្តិការផ្កាយរណបជំទាន់ទី២ ឬ Gen2 Starlink ចំនួន ៧,៥០០គ្រឿងបន្ថែមទៀត ដែលធ្វើឱ្យចំនួនផ្កាយរណបសរុបកើនឡើងដល់ ១៥,០០០ គ្រឿងនៅទូទាំងពិភពលោក ។
បើតាមក្រុមហ៊ុនអវកាសឯកជនអាមេរិកមួយនេះ ខ្លួនមានមហិច្ឆតាស្វែងរកការយល់ព្រមពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ ដើម្បីដាក់ពង្រាយផ្កាយរណបជិត ៣០,០០០គ្រឿងនៅទីអវកាស ប៉ុន្តែគណៈកម្មការ FCC និយាយថា ខ្លួនសម្រេចអនុម័តសម្រាប់ពេលនេះត្រឹមតែ ១៥,០០០គ្រឿងសិន ។
យោងតាមការលើកឡើងរបស់ FCC, SpaceX ត្រូវតែបាញ់បង្ហោះផ្កាយរណបជំនាន់ទី២ ចំនួន ៥០ភាគរយនៃចំនួនអតិបរមាដែលមានការអនុញ្ញាត ទៅដាក់នៅគន្លងដែលបានកំណត់ និងដំណើរការពួកវាមិនឱ្យលើសពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៨ ហើយ SpaceX ត្រូវតែបាញ់បង្ហោះផ្កាយរណបដែលនៅសល់នៅខែធ្នូ ឆ្នាំ ២០៣១ ។
ទន្ទឹមគ្នា SpaceX ក៏ត្រូវតែបញ្ចប់ការដាក់ពង្រាយផ្កាយរណបជំនាន់ទីមួយចំនួន ៧,៥០០គ្រឿងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៧ ផងដែរ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
