នាំអាជីវករលក់ដូរលើផ្លូវនៅផ្សារដើមគរចាស់ ទៅឈ្វេងយល់ទីតាំងលក់ដូរនៅផ្សារដើមគរថ្មី
នាំអាជីវករលក់ដូរលើផ្លូវនៅផ្សារដើមគរចាស់ ទៅឈ្វេងយល់ទីតាំងលក់ដូរនៅផ្សារដើមគរថ្មី
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈគ្រប់គ្រងផ្សារបោះដុំបន្លែ (ផ្សារដើមគរថ្មី)កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានរៀបចំនាំបងប្អូនអាជីវករចំនួន ៦៧០នាក់ ដែលបាន និងកំពុងប្រកបអាជីវកម្មនៅផ្សារដើមគរចាស់ទៅទស្សនាស្វែងយល់ដោយផ្ទាល់នៅទីតាំងតូបលក់ដូរថ្មីនៅផ្សារដើមគរថ្មីមានទីតាំងស្ថិតនៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

អាន៖ដំណើរទស្សនកិច្ចអាជីវករផ្សារដើមគរ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារដើមគរចាស់ និងអញ្ជើញបងប្អូនអាជីវករដែលកំពុងលក់ដូរមិនមានរបៀបរៀបរយនៅផ្សារដើមគរចាស់ ឱ្យផ្លាស់ប្តូរទៅកាន់ទីតាំងលក់ដូរថ្មី ដែលមានស្តង់ដារ និងផាសុកភាពជាងមុននៅផ្សារបោះដុំបន្លែ(ផ្សារដើមគរថ្មី) ។

លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយអាជីវករ និងទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) ថា អ្វីដែលបានកើតឡើងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែង និងពិភាក្សាជាមួយតំណាងផ្សារជាច្រើនលើកច្រើនសារ ទើបសម្រេចបានលទ្ធផលគួរជាទីមោទននេះ ។លោកបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួលជាពិសេសអោយមានគោលនយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្មរបស់បងប្អូនអាជីវករដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទៅកាន់ផ្សារដើមគរថ្មី រួមមាន៖ ការផ្តល់ជូនតូបលក់ដោយឥតគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំពេញ ។ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយពុំមានប្រាក់កក់ ។

ចំណែកការប្រើប្រាស់ទឹក និងភ្លើង ឥតគិតថ្លៃ រយៈពេល ៦ខែ ។ មិនគិតថ្លៃសេវាកម្មសម្អាតអនាម័យ និងថ្លៃប្រមូលសម្រាម ។ ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាបាននូវអនាម័យ និងបរិស្ថានស្អាត ។ មានការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពីគម្រោងមួយនេះ ។

លោក ឆេង ឃុន គណៈកម្មការគ្រប់គ្រងផ្សារដើមគរថ្មី បានថ្លែងអំណរគុណ ចំពោះកិច្ចប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ទីក្រុង បង្កើនសោភ័ណភាព អនាម័យ និងសុវត្ថិភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន និងអនាគត ។

លោក ឆេង ឃុន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារ និងបងប្អូនអាជីវករទាំងអស់ ដែលបានបង្ហាញស្មារតីសហការ ការយោគយល់ និងការចូលរួមយ៉ាងសកម្ម ដើម្បីឲ្យការងារនេះអាចដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញកំពុងបន្តដោះស្រាយបញ្ហាខាងលើយ៉ាងសកម្ម តាមរយៈការផ្សព្វផ្សាយពីផលប៉ះពាល់នានា និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំ និងរុះរើសំណង់រំលោភចិញ្ចើមផ្លូវ ការដាក់តាំងទំនិញ និងចំណតយានយន្តអាណាធិបតេយ្យនៅតំបន់ជុំវិញផ្សារដើមគរចាស់ និងតំបន់ស្មុគស្មាញនានាក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សម្ដៅសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុង កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមសហការ និងអញ្ជើញមកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំជូននៅផ្សារដើមគរថ្មីនេះ ហើយបញ្ឈប់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុងយើង ឱ្យកាន់តែស្រស់បំព្រងឡើង ៕
ដោយ ៖ ឈឹម ទីណា


