ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលកម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តាយព្រំដែន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តោយព្រំដែន ហើយសម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅកាន់ផ្ទះសំបែងវិញបានអាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែង និងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិឋានវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយគិតគូយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគេ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែងនិងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដោយគិតគូរយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគេ។ ចំណែកអ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅឡើយ ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលក្នុងការមើលថែពួកគាត់នៅក្នុងមណ្ឌលសុវត្ថិភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាលឱ្យដឹងបន្ថែមថា៖គិតត្រឹមល្ងាចថ្ងៃម្សិលមិញ (១១ មករា ២០២៦) មានពលរដ្ឋភៀសសឹកប្រមាណជា ៤៨ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកជាង ១៦ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈនានាក៏បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ។
គួរបញ្ជាក់ថា ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រុមការងារចំពោះកិច្ចកំពុងសិក្សានិងវាយតម្លៃលើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ដូចជា ទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម។ ក្រៅពីនោះ ការបោសសម្អាតកាកសំណល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក៏ជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹក មុននឹងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនពលរដ្ឋភៀសសឹកផងដែរ។
ជាមួយគ្នានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថាកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ដោយ៖ម៉ាដេប៉ូ