រោងចក្រផលិតសំបកកង់រថយន្តវ៉ាន់លី ថាយអឺ (ខេមបូឌា)ឯ.ក.សម្ពោធដាក់ដំណើរការដំណាក់ទី១

ស្វាយរៀង៖រោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា)ឯ.ក.បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់​កាល​ទី១របស់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំង​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ, អភិបាលរងខេត្តស្វាយរៀង , លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Industrial Investment Holding Group។

រោងចក្រផលិតសំកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា)ឯ.ក.ដែលសម្ពោធដាក់ដំណើរការជាផ្លូវការដំណាក់កាលទី១ មាន​ទីតាំង​ស្ថិត​ក្នុងតំបន់សេដ្ឋកិច្ច​ពិសេសស៊ីន​បាវិត ក្នុងក្រុង​បាវិតដោយលាតសន្ធឹងលើផ្ទៃដីប្រមា ៣២ហិកតា ក្រោមទុនវិនិយោគ​ដំណាក់​កាល​​ដំបូងជិត ៣០០លានដុល្លារអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានហៅការសម្រេច​ចិត្ត​បោះទុនវិនិយោគ​បង្កើតរោងចក្រផលិតសំកង់រថយន្ត វ៉ាន់លី ថាយអឺ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រ​ប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់​ខ្លួននៅ​ក្រៅ​ប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កាដែលប្រសូត្រចេញពីឆន្ទៈ​មោះមុត​​នៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

ត្រឹមតែរយៈពេលមួយឆ្នាំគត់បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមឯកអគ្គរដ្ឋទូតចិនកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានលេចរូបរាងជាស្ថាពរ និងចាប់ផ្តើមខ្សែ​ច្រវាក់​ផលិតកម្មដំណាក់កាលទី១ នាពេលនេះ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដំណើរការនៃរោងចក្រ វ៉ាន់លី ថាយអឺ ដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍​ជាច្រើន​ដល់កម្ពុជា រួមមាន៖ (១)ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើប​ដល់កម្មករ និយោជិតខ្មែរ, (២)ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់​សម្រាប់ស្រូប​យកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា, (៣) ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និង​ឧស្សាហ​​កម្មធុនធ្ងន់, និង (៤) កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។

តាមរយៈវេទិកានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជាក្នុងការទទួល​ស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈ​ងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយ​នឹង​ចាប់យកឌីជីថលូបនីយកម្មសម្រាប់ការកំណែទម្រង់នានា។

ឯកឧត្តម ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមចំពោះវត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជា​ជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែក​រំលែក​បទពិសោធន៍​ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។ ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន និងសហគមន៍ធុរកិច្ចចិន​កាន់​តែច្រើនសន្ធឹកសន្ធាប់ ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លា​បន្ថែមទៀត។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនៅដើមខែមករា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ស្វាយរៀង ជាខេត្តដែលទទួលបានទុនវិនិយោគច្រើនជាងខេត្តផ្សេងៗទៀត ដោយក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ ទទួល​បានទុនវិនិយោគសរុបចំនួនជាង ១.២០០លានដុល្លារ ដែលគម្រោងទាំងនោះរួមមានដូចជា គម្រោងវិនិយោគសណ្ឋាគារ​លំដាប់ផ្កាយ៥ គម្រោងរោងចក្រផលិតបរិក្ខាពេទ្យ គម្រោងពង្រីករោងចក្រវាយណភណ្ឌកាត់ដេរ និងគម្រោងវិនិយោគ​បង្កើតរោង​ចក្រផលិតសំបកកង់រថយន្តសម្រាប់នាំចេញជាដើម ខណៈដែលគម្រោងមួយចំនួនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយខ្លះ​ទៀតដាក់ទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner