ប៉ាគីស្ថាន នឹងលក់អាវុធ និងយន្តហោះចម្បាំងតម្លៃ ១.៥ ពាន់លានដុល្លារទៅឲ្យ ស៊ូដង់
អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានជិតឈានដល់កិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយ ដែលមានតម្លៃ ១.៥ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់សព្វាវុធ និងយន្តហោះចម្បាំងទៅឱ្យប្រទេសស៊ូដង់ នេះបើតាមការបញ្ជាក់ពីអតីតមន្រ្តីកងទ័ពអាកាសកំពូលមួយរូប និងប្រភពចំនួនបីផ្សេងទៀត ។
យោងតាមកាសែតរ៉យទ័រ, សង្គ្រាមស៊ីវិលនៅស៊ូដង់បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកអស់រយៈពេលជាង ២ឆ្នាំកន្លះ ដោយវាបានផ្តល់ផលប្រយោជន៍ដល់បរទេសយ៉ាងច្រើន និង ការប្រេះស្រាំផ្ទៃក្នុងរបស់ប្រទេសយុទ្ធសាស្ត្រនៅសមុទ្រក្រហម និងជាប្រទេសផលិតមាសដ៏សំខាន់មួយនេះ ។
ប្រភពចំនួនពីរក្នុងចំណោមបី បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ប៉ាគីស្ថាននឹងផ្គត់ផ្គង់យន្តហោះចម្បាំងធុនស្រាល Karakoram-8 ចំនួន ១០គ្រឿង យន្តហោះគ្មានមនុស្សបើកជាង ២០០គ្រឿង ក្នុងនោះរួមមានដ្រូនស៊ើបការណ៍ និងដ្រូនពិឃាត Kamikaze ព្រមទាំងប្រព័ន្ធការពារដែនអាកាសទំនើប ។
ក្រៅពីយន្តហោះ Karakoram-8 កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងយន្តហោះចម្បាំងសម្រាប់ហ្វឹកហ្វឺន Super Mushshak និងយន្តហោះចម្បាំង JF-17 ដែលប៉ាគីស្ថាន និងចិន អភិវឌ្ឍរួមគ្នា ខណៈដែលកាលបរិច្ឆេទដឹកជញ្ជូននៅមិនទាន់ដឹងនៅឡើយទេ ។
ការផ្គត់ផ្គង់ពីប្រទេសប៉ាគីស្ថាន ជាពិសេសយន្តហោះដ្រូន និងយន្តហោះចម្បាំង ត្រូវបានគេរំពឹងថា នឹងអាចជួយកងទ័ពស៊ូដង់ទទួលបានឧត្តមភាពផ្លូវអាកាសមកវិញ ដែលខ្លួនមាននៅដើមសង្គ្រាមជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានប្រើប្រាស់យន្តហោះដ្រូនកាន់តែច្រើនឡើងៗ ដើម្បីវាយដណ្តើមបានទឹកដីជច្រើន និង ធ្វើឱ្យទីតាំងរបស់កងទ័ពរដ្ឋាភិបាលចុះខ្សោយ ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា