អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរឥតប្រែប្រួល និងមិនអាចធ្វើសម្បទានបានរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានបន្តថា សូមបងប្អូនជនរួមជាតិចងចាំថា ខណៈដែលដៃម្ខាងប្រឹងស្តារជីវភាពប្រជាពលរដ្ឋ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ តែដៃម្ខាងទៀត រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតដោយមធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ

ads banner