អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការជួយជ្រោមជ្រែងកម្ពុជាពីសំណាក់បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុងគ្រាដ៏លំបាក
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន បញ្ជាក់អំពីការជួយជ្រោមជ្រែងកម្ពុជាពីសំណាក់បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុងគ្រាដ៏លំបាក។ សបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈទាំងនយោបាយការទូត ទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន ១១.៣ លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការអនុវត្តគម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និងទឹកប្រាក់ ៧.៦លានដុល្លារសហរដ្ឋអាម៉េរិកផ្សេងទៀត សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្គែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។ កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ កន្លងទៅ ជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណជា១.៨ លានដុល្លារសហរដ្ឋអាម៉េរិក តាមរយៈអង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់សម្រាប់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តទៀតថា សហរដ្ឋអាម៉េរិកឯណោះវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ ក៏បានប្រកាសផ្តល់ជំនួយចំនួន១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងទឹកប្រាក់១០លានដុល្លារផ្សេងទៀតសម្រាប់ការដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ចំណែកសាធារណរដ្ឋប្រជាមានិតចិន ក្រៅពីផ្តល់ការគាំទ្រដល់អាទិភាពជាបន្ទាន់លើការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា និងបានប្រកាសត្រៀមខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់តម្រូវការចិញ្ចឹមជីវិតរបស់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់។ ចំណែកសាធារណរដ្ឋស៊ែប៊ី ក៏បានផ្តល់ជំនួយមនុស្សធម៌៥០ម៉ឺនដុល្លារអាម៉េរិកសម្រាប់ជួយប្រជាជនភៀសសឹកកម្ពុជាដែរ។
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ក្រៅពីនោះនៅមានប្រទេសជាមិត្តជាច្រើនទៀត រួមទាំងដៃគូអភិវឌ្ឍន៍របស់កម្ពុជាក៏បានផ្តល់ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានា ព្រមទាំងបានចេញសារអបអរសាទរចំពោះការសម្រេចបានបទឈប់បាញ់ដោយក្តីរំពឹងថា ភាគីទាំងពីរ(កម្ពុជា-ថៃ) នឹងសម្រេចបាននូវការស្តារសន្តិភាពឡើងវិញ និងរក្សាសន្តិភាពនោះឱ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍របស់ប្រជាជនទាំងពីរក៏ដូចជាសម្រាប់ស្ថិរភាពក្នុងតំបន់ទាំងមូល។ ទាំងអស់នេះបានសបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈទាំងនយោបាយការទូត ទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។
តាមរយៈសារទៅកាន់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចិន ធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាប្រទេសជាមិត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានជួយជាសម្ភារៈ និងហិរញ្ញប្បទានដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ សម្តេចធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដើម្បីស្តារឡើងវិញឱ្យបានឆាប់បំផុតទាំងជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកក្រោយពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលបានរងការបំផ្លិចបំផ្លាញដោយគ្រាប់បែករបស់ទាហានថៃ។
គួរកត់សម្គាល់ថា ក្នុងដំណាក់កាលដែលកម្ពុជាមានសន្តិភាពពេញលេញរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការពឹងលើកម្លាំងខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។ លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង រួមជាមួយនឹងជំនួយពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជន និងមហាជនខ្មែរគ្រប់ទិសទី បានប្រមូលផ្តុំគ្នាជាកម្លាំងកាន់តែខ្លាំងដែលនឹងធ្វើឱ្យការស្តារជីវភាពរបស់ពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងឡាយប្រព្រឹត្តទៅបានឆាប់រហ័សក្រោមកិច្ចខិតខំប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំដែលមានក្រសួង ស្ថាប័ននានាជាសនាធិការ៕
ដោយ៖ពលជ័យ