គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៤ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារនៅខេត្តព្រះសីហនុ បានទទួលការលើកទឹកចិត្តពិសេស
ភ្នំពេញ៖រាជរដ្ឋាភិបាលសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគនិងធុរកិច្ចចំនួន២៤ ក្នុងខេត្តព្រះសីហនុក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាម៉េរិកសម្រាប់ដើមឆ្នាំ២០២៦នេះ។នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦។
គម្រោងចំនួន ២៤ ដែលទទួលបានគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៨, គម្រោងថ្មី ចំនួន ១៥ និងគម្រោងពង្រីកចំនួន ១ ដែលមានទុនវិនិយោគប្រមាណ ២០៨ លានដុល្លារ។ គម្រោងទាំង២៤នេះ អាចបង្កើតការងារបានជាង៣.០០០ កន្លែង ។គម្រោងទាំងនេះមានជាអាទិ៍ រោងចក្រផលិត និង ដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារៈពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និង អគារស្នាក់នៅរួម។នេះជាលទ្ធផលដើមឆ្នាំថ្មី ខណៈក្រុមការងារក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានខិតខំជាប់មិនដាច់។
ក្នុងឆ្នាំ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧ ៩៧១ លានដុល្លារ និងប៉ាន់ស្មានអាចបង្កើតការងារ ៥២ ០០៤ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤ គម្រោង, គម្រោងវិនិយោគថ្មី ១៧៨ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានបានប្រាប់កិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា បន្ទាប់ពីក្រុមការងារសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងនានាហើយ, ក្រុមការងារ និងក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាសំណូមពរសម្រួលនីតិវិធី និង ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និង ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុននិងការចេញប្រកាសបើករោងចក្រ ជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគដោយរលូន ។
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រាជរដ្ឋាភិបាលសម្រេចឯកភាពជាគោលការណ៍ក្នុងការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល ២ ឆ្នាំរហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយបន្ថែមវិធានការចំនួន ៤ ទៀត ដើម្បីបន្តជំរុញសកម្មភាពវិនិយោគ និង ធុរកិច្ច សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ។ ផ្អែកតាមនេះ,ក្រុមការងារមានភារកិច្ចស្នូល ឬ ការងារសំខាន់ៗចំនួន ៤ គឺ ការងារទី១ ផ្តល់គោលការណ៍លើកទឹកចិត្ត, ការងារទី២ ផ្តល់ការលើកទឹកចិត្តជាក់ស្តែង, ការងារទី៣ ខិតខំជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា និង ការពង្រឹងសមត្ថភាពកម្មករ និយោជិត និង ផលិតករ រួមទាំង ការផ្ទេរជំនាញ និងបច្ចេកវិទ្យា, និង ការងារទី៤ ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និង ការតភ្ជាប់ឧស្សាហកម្ម ។
សូមជម្រាបថា កិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦
ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដែលជាការលើកទឹកចិត្តពិសេស ក្នុងខេត្តព្រះសីហនុ ចំនួន ២៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១ ០១៧ លានដុល្លារអាម៉េរិក៕
ដោយ៖ង៉ាន់ ទិត្យ








