ក្រសួងកសិកម្មផ្តល់ដើមទុនទាំងស្រុងដល់កសិកម្មទំនើបថ្មីមួយនៅបន្ទាយមានជ័យ
កសិកម្មទំនើបថ្មីមួយដែលទើបតែបង្កើតឡើងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានទ្រទ្រង់ និងការផ្តល់ដើមទុនទាំងស្រុងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សហគមន៍កសិកម្មទំនើបនេះមានឈ្មោះថា សហគមន៍កសិកម្មទំនើបបន្លែស្រុកមង្គល់បូរី ដែលជាការវិនិយោគលើផលិតកម្មបន្លែក្នុងផ្ទះសំណាញ់ចំនួន១០០ខ្នង។ យោងតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម សហគមន៍នេះមានសមាជិកសរុប៧២គ្រួសារ និងមានផ្ទៃដីដាំដុះ១៤ហិកតា។ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រង សហគមន៍កសិកម្មទំនើបបន្លែស្រុកមង្គល់បូរីមានក្រុមប្រឹក្សាភិបាល៥រូប និងគណៈត្រួតពិនិត្យ៣រូប”។
អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងដែរថា គម្រោងនេះគឺជាផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលមានន័យថាក្រសួងបានជួយតភ្ជាប់ទៅកាន់ទីផ្សាររវាងអ្នកដាំ និងអ្នកទិញ ដើម្បីធានាភាពច្បាស់លាស់លើតម្លៃ និងទីផ្សារ ហើយជៀសវាងបញ្ហាប្រឈមនានានៅពេលហុចទិន្នផល។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហគមន៍កសិកម្មទំនើបមាន់ស្រែដំបូងគេក៏ត្រូវបានបង្កើតឡើងនៅ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានសមាជិកចំនួន១២០គ្រួសារ ដោយគ្រោងផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន២០០ខ្នង និងមាន់ស្រែចំនួន៤០ទ្រុង។
តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រសួងកសិកម្មបានផ្តល់ជំនួយឥតសំណងចំនួន៤០ភាគរយសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទាំងនេះ ព្រមទាំងសម្របសម្រួលកម្ចីដើមទុន ចំពោះប្រតិបត្តិការ តភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្របច្ចេកទេសដល់សហគមន៍ផងដែរ។
បច្ចុប្បន្ន សហគមន៍កសិកម្មទំនើបជាង២០ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស មានសមាជិកសរុប ជាង៣ពាន់គ្រួសារ ដោយអនុវត្តលើដំណាំ៤ប្រភេទ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ។ បន្ថែមលើនេះ ក្រសួងកសិកម្មគ្រោងនឹងបង្កើតសហគមន៍ទំនើបឱ្យបាន៥០ទៀតនៅថ្ងៃខាងមុខ៕
ដោយ៖ ម៉ាដេប៉ូ













