កម្ពុជាសង្ខុញឲ្យថៃចូលខ្លួនមកបន្តវាស់វែងបោះបង្គោលព្រំដែន កុំដំអក់ចាំរដ្ឋាភិបាលថ្មី
ប្រទេសថៃបានសុំលើកពេលម្តងហើយម្តងទៀតនូវសំណើរបស់កម្ពុជា ដែលចង់រៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅខេត្តសៀមរាបដើម្បីពិភាក្សាគ្នាពីការងារវាស់វែងខណ្ឌសីមាព្រំដែន ដោយយកលេសថា ថៃរង់ចាំបង្កើតរដ្ឋាភិបាលថ្មីសិន។
ដូច្នេះ ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖
ទី១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់ នៃការចុះលើដីជាក់ស្តែង។
សូមបញ្ជាក់ថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានចាប់ផ្តើមធ្វើការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយការងារនេះត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ទី២ គឺកម្ពុជាស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដ ដែលភាគីទាំងពីរបានឯកភាពគ្នា។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បី បន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធី និងបែបបទការងារ ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នាពេលកន្លងមក។ កម្ពុជារំលឹកថា នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ក៏ធ្លាប់បាន លើកឡើងដែរថា ថ្វីត្បិតតែអាណត្តិរបស់ប្រធានគណៈកម្មការ JBC បានបញ្ចប់ជាមួយនឹងអាណត្តិរបស់រដ្ឋាភិបាល ប៉ុន្តែក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្តការងាររបស់ខ្លួនដដែល។
ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕