ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៤៤ករណី
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្លាំងមានសមត្ដកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំង បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែស៊ីសងគ្រប់ប្រភេទ ដោយបង្ក្រាបបទល្មើសបាន ៤៦៣ករណី ព្រមទាំងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បានចំនួន៤៤ករណី។

ចំណែកការងារទេសចរណ៍វិញ រាជធានីភ្នំពេញបានកែច្នៃតំបន់ទេសចរណ៍ឱ្យមានលក្ខណៈសំបូរបែប ដោយទទួលបានភ្លៀវទេសចរណ៍ជាតិ អន្តរជាតិ បានប្រមាណ ៨ម៉ឺនទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើងចតុមុខ walk street រហូតមានភាពល្បីល្បាញ និងទាក់ទាញដល់ឆាកអន្តរជាតិ ។

នេះជាប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមករា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ។

យោងតាមឯកឧត្ដម ឃួង ស្រេង ក្នុងឆ្នាំ២០២៥កន្លងទៅនេះដែរ រដ្ឋបាលរាជធានីភ្នំពេញអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស ស្របទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាឆ្នាំ២០២៥នេះ មានដូចជា ការកសាងអភិវឌ្ឍន៍ជាប្រចាំ មាន ផ្លូវ ទឹកស្អាត អគ្គីសនី បណ្តាញទូរគមនាគមន៍ សួនច្បារ ផ្លូវក្រោមដី ស្ពានអាកាស ស្ពានឆ្លងទន្លេ និងប្រព័ន្ធលូ ប្រឡាយ ដែលបានធ្វើឱ្យការរំដោះទឹកនៅក្នុងរាជធានីភ្នំពេញបានល្អប្រសើរ បានកែលម្អរសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ រៀបចំសួនខាងជើងក្រុងជាដើម។

ក្រៅពីនេះ ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយទៅជួរមុខចំនួន ៥០លើក រួមមាន អំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអំណោយរបស់សប្បុរសជនមានថវិកានិងសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ទៀត ៕
អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ហេង សម្បត្តិ និង ថេត វិចិត្រ




