បារាំងគ្រោងបង្កើនការចំណាយលើវិស័យការពារជាតិជិត ៤២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០
ប៉ារីស ៖ មេដឹកនាំបារាំងមានផែនការបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ជិត ៤២ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ក្នុងគោលបំណងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ តាមរយៈការពន្លឿនការបំពាក់សព្វាវុធឡើងវិញ ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចុះទស្សនកិច្ចមូលដ្ឋានទ័ពអាកាស Istres-Le Tubé ជាកន្លែងដែលលោកថ្លែងសុន្ទរកថាឆ្នាំថ្មីទៅកាន់យោធានៅទីនោះថា ដើម្បីមានអំណាចនៅក្នុងពិភពលោកដ៏ឃោរឃៅនេះ បារាំងត្រូវតែធ្វើទំនើបកម្មកងកម្លាំងយោធាឱ្យកាន់តែលឿនជាងមុន និងរឹងមាំជាងមុន ។
មេដឹកនាំបារាំងមានវ័យ៤៩ឆ្នាំរូបនេះ បានប្រាប់មូលហេតុថា ការបង្កើនថវិកានេះ គឺជារឿងចាំបាច់ ដើម្បីរក្សាភាពជឿជាក់នៃប្រតិបត្តិការរបស់កងកម្លាំងរបស់យើង និងដើម្បីត្រៀមខ្លួនដ៏សំខាន់មួយក្នុងរយៈពេលបីទៅបួនឆ្នាំខាងមុខ ចំពេលមានការព្រួយបារម្ភអំពីការគំរាមកំហែងរបស់រុស្ស៊ីចំពោះសន្តិសុខអឺរ៉ុបទាំងមូល ។
លោក ម៉ាក្រុង បន្ថែមថា ថវិកាទាំងនេះ នឹងផ្តល់មូលនិធិដល់ផ្នែកអាទិភាពសំខាន់ៗចំនួន ៣ រួមបញ្ចូលទាំងការបង្កើនស្តុកគ្រាប់រំសេវ និងពង្រឹងការត្រៀមខ្លួនរបស់កងទ័ពបារាំង ក៏ដូចជាប្រព័ន្ធព្រមានជាមុនបំពាក់លើផ្កាយរណប ដើម្បីរកឃើញការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ។
បើតាមលើកឡើងរបស់លោក ម៉ាក្រុង, ច្បាប់ស្តីពីកម្មវិធីយោធាដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ឆ្នាំ ២០២៦-២០៣០ នឹងរួមបញ្ចូលថវិកាបន្ថែមជិត ៤២ពាន់លានដុល្លារ ដើម្បីជំរុញការចំណាយលើវិស័យការពារជាតិ ។
លោកថា ច្បាប់ស្តីពីកម្មវិធីយោធា (LPM) ឆ្នាំ ២០២៤-២០៣០ បច្ចុប្បន្ននឹងផ្តល់កញ្ចប់ថវិកាសរុបជិត ៤៨០ ពាន់លានដុល្លារ ជាអ្វីដែលលោកប្រធានាធិបតី ម៉ាក្រុង និយាយថា លោកចង់ឱ្យសភាអនុម័តឱ្យបានលឿនបំផុតត្រឹមថ្ងៃទី១៤ ខែកក្កដាខាងមុខ ៕





ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា