ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយត្រឹមត្រូវ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសេនាធិការរបស់រាជរដ្ឋាភិបាលទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងឯកសារ កិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ។
ឯកឧត្តមបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរឥតប្រែប្រួល និងមិនអាចធ្វើសម្បទានបាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជនរួមជាតិថា គឺក្នុងស្មារតីគោរពសេចក្តីប្រកាសរួមដែលបានឯកភាពគ្នា និងចង់បានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននេះហើយទើបបានជាភាគីកម្ពុជាបានដាក់សំណើរជាបន្តបន្ទាប់ទៅភាគីថៃ ដើម្បីអនុវត្តការវាស់វែង កំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់រហ័សជាក់លាក់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយគោរពកិច្ចព្រមព្រៀងយ៉ាងស្មោះត្រង់បំផុត និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុត៕
ដោយ៖ពលជ័យ