ចិនជោគជ័យធ្វើតេស្តប្រព័ន្ធថាមពលខ្យល់រយៈកម្ពស់ខ្ពស់ដំបូងគេក្នុងលោក

ប៉េកាំង ៖ ប្រទេសចិនទើបតែសម្រេចបាននូវភាពលេចធ្លោមួយ នៅក្នុងវិស័យថាមពលកកើតឡើងវិញ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធថាមពលខ្យល់រយៈកម្ពស់ខ្ពស់ ដែលមានសមត្ថភាពផលិតអគ្គិសនីកម្រិតមេហ្គាវ៉ាត់ដំបូងគេបង្អស់នៅលើពិភពលោក ។

បើតាមសារព័ត៌មាន Interesting Engineering, ឧបករណ៍ដែលមានឈ្មោះថា S2000 SAWES នេះ បានបញ្ចប់ការហោះហើរសាកល្បង និងបានបង្កើតអគ្គិសនីបញ្ជូនទៅកាន់បណ្តាញអគ្គិសនីដោយជោគជ័យ ដែលនេះគឺជាការបើកទិសដៅថ្មីដ៏ជោគជ័យ សម្រាប់បច្ចេកវិទ្យាថាមពលខ្យល់រយៈកម្ពស់ខ្ពស់ ។

ប្រព័ន្ធ SAWES S2000 បានបញ្ចប់ការហោះហើរសាកល្បងរបស់វានៅទីក្រុង Yibin ខេត្ត Sichuan កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ។ បន្ទាប់ពីការហោះហើរប្រហែល ៣០នាទី ឧបករណ៍នេះបានឡើងដល់កម្ពស់ ២,០០០ម៉ែត្រ និងអាចបង្កើតអគ្គិសនីបានទំហំ ៣៨៥គីឡូវ៉ាត់ម៉ោង ក្នុងអំឡុងពេលហោះហើរនោះ ។

នេះជាលើកដំបូងបង្អស់នៅលើពិភពលោក ដែលប្រព័ន្ធថាមពលខ្យល់រយៈកម្ពស់ខ្ពស់ អាចបង្កើតអគ្គិសនីជាផ្លូវការបាន និងអាចតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី ខណៈដែលបច្ចេកវិទ្យានេះ បានបង្ហាញពីការផ្លាស់ប្តូរពីដំណាក់កាលសាកល្បង ទៅជាការអនុវត្តឧស្សាហកម្មទ្រង់ទ្រាយធំក្នុងពេលអនាគត ។

យោងតាមសារព័ត៌មាន Global Times, ប្រព័ន្ធ S2000 SAWES គឺជាឧបករណ៍ផលិតថាមពលបំលែងពីខ្យល់នៅលើអាកាសរួមបញ្ចូលគ្នា ដែលរួមបញ្ចូលទាំងបាឡុង និងទួរប៊ីនខ្យល់ក្នុងរចនាសម្ព័ន្ធតែមួយ ។ ប្រព័ន្ធទាំងមូលមានប្រវែងប្រហែល ៦០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងកម្ពស់ ៤០ម៉ែត្រ ។

លោក Dun Tianrui នាយកក្រុមហ៊ុន Sawes Energy Technology ដែលជាអ្នកបង្កើតប្រព័ន្ធនេះ បាននិយាយថា សម្រាប់សមត្ថភាពបច្ចុប្បន្ន ប្រព័ន្ធ S2000 ធ្វើប្រតិបត្តិការត្រឹមតែមួយម៉ោង អាចបង្កើតអគ្គិសនីគ្រប់គ្រាន់ ដើម្បីសាករថយន្តអគ្គិសនីលំដាប់ខ្ពស់ប្រហែល ៣០គ្រឿងពីកម្រិតថ្មសូន្យប៉ុណ្ណោះ ។

ជាមួយគ្នានេះ លោកនាយកក៏បានបង្ហើបឱ្យដឹងដែរថា ការធ្វើតេស្តបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅក្នុងតំបន់ និងលក្ខខណ្ឌផ្សេងៗនៅទូទាំងប្រទេសចិន ហើយប្រព័ន្ធ S2000 SAWES គ្រោងនឹងផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២៦ ។

ផ្អែកតាមទិន្នន័យពីរដ្ឋបាលថាមពលជាតិចិន, នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថភាពផលិតថាមពលដែលបានដំឡើងសរុបរបស់ប្រទេសចិន បានឈានដល់ ៣,៧៩ពាន់លានគីឡូវ៉ាត់ តួលេខនេះកើនឡើងចំនួន ១៧,១ភាគរយ ។ ក្នុងចំណោមនេះ សមត្ថភាពផលិតថាមពលខ្យល់បានឈានដល់ ៦០០លានគីឡូវ៉ាត់ ដែលកើនឡើងចំនួន ២២,៤ភាគរយ ៕

ប្រភព ៖ Interesting Engineering និង Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner