អាមេរិក ពង្រាយកំពូលដ្រូនស៊ើបការណ៍តម្លៃ ៣០ លានដុល្លារនៅ កូរ៉េខាងត្បូង
សេអ៊ូល ៖ សហរដ្ឋអាមេរិកបានដាក់ពង្រាយកំពូលយន្តហោះដ្រូនឈ្លបយកការណ៍ MQ-9 Reaper នៅឯមូលដ្ឋានទ័ពអាកាស Kunsan ប្រទេសកូរ៉េខាងត្បូង ដើម្បីគាំទ្រដល់បេសកកម្មឈ្លបយកការណ៍ ការឃ្លាំមើល និងការឆ្លើយតបរបស់កងកម្លាំងអាមេរិកនៅទីនោះ ។
បើតាមសារព័ត៌មាន defence blog, យន្តហោះដ្រូន MQ-9 Reaper ត្រូវបានអាមេរិកបញ្ជូនទៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែមករា ។
ផលិតដោយក្រុមហ៊ុន General Atomics ក្នុងឆ្នាំ ២០០៧, យន្តហោះដ្រូន MQ-9 Reaper មានតម្លៃខ្ទង់ ៣០ លានដុល្លារក្នុងមួយគ្រឿង ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយដោយមនុស្សចំនួន ២ នាក់ ។
យន្តហោះដ្រូនដ៏ទំនើបនេះ អាចហោះហើរបានរយៈចម្ងាយប្រហែល ១,៨៥០ គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៤៨២ គីឡូម៉ែត្រក្នុងមួយម៉ោង ។
វាមានបណ្តោយប្រវែងជិត ១១ ម៉ែត្រ និងស្លាបមានប្រវែងជាង ២០ ម៉ែត្រ ជាមួយសមត្ថភាពហោះហើរបាន ២៧ ម៉ោង ឬអាចយូរជាងនេះ ទៅតាមការធ្វើទំនើបកម្ម ។ ជាមួយគ្នានេះយន្តហោះដ្រូន MQ-9 Reaper អាចបំពាក់មីស៊ីល AGM-114 និងគ្រាប់បែកនាំផ្លូវ GBU-12 រួមទាំងគ្រាប់បែកដ៏មានអនុភាពផ្សេងៗជាច្រើនទៀតផងដែរ ។
បើតាមការលើកឡើងរបស់កងទ័ពអាកាសអាមេរិក, វត្តមានកំពូលយន្តហោះដ្រូននេះរំពឹងនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការការពារសន្តិសុខនៅលើឧបទ្វីបកូរ៉េ ។
ជាពិសេស ការដាក់ពង្រាយយន្តហោះដ្រូន MQ-9 Reaper នឹងពង្រឹងសមត្ថភាពឆ្លើយតបរួមរវាងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងពីកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ៕
ប្រភព ៖ defence blog ប្រែសម្រួល ៖ ឈឹម ទីណា
