សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤

ភ្នំពេញ៖ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ​បានសម្រាប់ជាតិ​មាតុភូមិ​កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាពទី៤ ។

អាន៖សកម្មភាពកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺនេះជាការ​ចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៥ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តី​សង្ឃឹម​ដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់​វិនាទី​ចំពោះ​សុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែល​កំពុងជួបប្រទះនូវទុក្ខ​លំបាក។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តី​អាណិត​អាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់​បំផុតក្នុងការការពារបូរណភាពទឹកដី។ ទន្ទឹមនឹងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តា​ករុណា​ពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្ម​គ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជា​សះស្បើយ​ឡើងវិញ។

បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់​វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបនេះដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលតែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏​ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់​អ្នកម្ដាយ​មនុស្សធម៌។

ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកអំណោយ​មនុស្សធម៌រួម​មាន​គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner