អ៊ុយក្រែនបញ្ជូនមន្រ្តីទៅចរចារឿងធានាសន្តិសុខជាមួយអាមេរិក មុនចុះកិច្ចព្រមព្រៀងសន្តិភាព

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា គណៈប្រតិភូអ៊ុយក្រែនមួយក្រុម កំពុងធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងពិភាក្សាអំពីការធានាសន្តិសុខ និងកញ្ចប់ជំនួយស្តារប្រទេសឡើងវិញក្រោយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ។

លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានភាពច្បាស់លាស់ពីអាមេរិក ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយជិត ៤ឆ្នាំកន្លងមកនេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលធ្វើសន្តិសិទសារព័ត៌មានជាមួយប្រធានាធិបតីឆែក លោក Petr Pavel កាលពីថ្ងៃសុក្រ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ឯកសារទាំងនេះ អាចនឹងត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស នាសប្តាហ៍ក្រោយ ។

យោងតាមមន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា ប្រទេសរបស់ខ្លួនអាចនឹងត្រូវការថវិការហូតដល់ ៨០០ ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម ។

គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជាសមរភូមិដែលបង្ហូរឈាមខ្លាំងជាងគេបំផុត ដោយក្នុងឆ្នាំ២០២៥ មានមនុស្សស្លាប់ប្រហែលពី ២០ម៉ឺននាក់ ទៅ ២៥ម៉ឺននាក់ ខណៈតួលេខនេះបូករួមទាំងទាហានទាំងសងខាង និងជនស៊ីវិល ។ នេះបើតាមយោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ (UN) និងគម្រោងទិន្នន័យទីតាំងជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍ ហៅកាត់ថា ACLED ៕

ប្រភព ៖ The Straits Times និង Washington Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner