អង់គ្លេសដាក់ដំណើរការឧទ្ធម្ភាគចក្រគ្មានមនុស្សបើកលើកដំបូង

ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានដាក់ដំណើរការឧទ្ធម្ភាគចក្រគ្មានមនុស្សបើក ឬដើរដោយស្វ័យប្រវត្តិលេញពេញលើកដំបូង ក្នុងគោលបំណងតាមដាននាវាមុជទឹក និងអនុវត្តបេសកកម្មមានហានិភ័យខ្ពស់ផ្សេងៗ ចំពេលមានភាពតានតឹងកើនឡើងនៅតំបន់អាត្លង់ទិកខាងជើង ។

ដោយបង្កើតឡើងក្រោមកម្មវិធីមានតម្លៃជាង ៨០លានដុល្លារ ឧទ្ធម្ភាគចក្រគ្មានមនុស្សបើក មានឈ្មោះថា Proteus នេះ នឹងដើរតួនាទីសំខាន់ ដើម្បីការពារចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តណាតូ ប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ការគំរាមកំហែងដែលកំពុងវិវត្តនៅតំបន់អាត្លង់ទិកខាងជើង ។

បើតាមការលើកឡើងរបស់កងទ័ពជើងទឹកអង់គ្លេស, ឧទ្ធម្ភាគចក្រដើរដោយស្វ័យប្រវត្តិលេញពេញនេះ ត្រូវបានរចនាឡើងសម្រាប់សង្គ្រាមប្រឆាំងនាវាមុជទឹក ការល្បាតតាមដែនសមុទ្រ និងការតាមដាននាវាក្រោមទឹកជាដើម ។

ហើយមូលហេតុដែលអង់គ្លេសបញ្ចេញវានាពេលនេះ គឺដោយសារតែមានការសម្លុតគំរាមជាច្រើនលើកច្រើនសារពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបន្តចិញ្ចឹមចិត្តចង់លេបយកកោះ Greenland និងតាមដានសកម្មភាពនាវាមុជទឹករបស់រុស្ស៊ី ។

គួរបញ្ជាក់ថា វិស័យការពារជាតិរបស់អឺរ៉ុប ត្រូវបានផ្លាស់ប្តូររូបរាងឡើងវិញ ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលរដ្ឋាភិបាលប្លុកនេះ សម្រុកបង្កើនការចំណាយលើការការពារជាតិ និងពង្រឹងសមត្ថភាពយោធាជាបន្តបន្ទាប់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner