គម្រោងចំនួន៤ មានទុន៣៥៥ លានដុល្លារអាមេរិក ត្រូវក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន បើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍លើកទឹកចិត្តពិសេស

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធាន កាលពីព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាជំរុញការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធីលើគម្រោងចំនួន ៣ ដែលទទួលបានការអនុម័តគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅខេត្តក្រចេះ និងរតនៈគិរី និងការពិនិត្យទិដ្ឋភាពបច្ចេកទេសនៃគម្រោងទើបស្នើថ្មី ចំនួន ១ គម្រោង នៅខេត្តក្រចេះ ។ គម្រោងទាំង ៤ នេះ មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១២,៣០០ កន្លែង។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន ៣ រួចរាល់ហើយ គឺ ១). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ហិកតា នៅខេត្តរតនគិរី, ២). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-ក្រចេះ សហការជាមួយក្រុមហ៊ុន សុវណ្ណ វុទ្ធី លើផ្ទៃដី ៣១០ហិកតា នៅខេត្តក្រចេះ, និង ៣). ការអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌូចិន រ៉ាប់ប៊ើ វិនិយោគលើគម្រោងដាំដើមឈើ ក្រោមលក្ខខណ្ឌនៃ «កិច្ចព្រមព្រៀងស្តារព្រៃឈើ» នៅខេត្តក្រចេះ។

ដោយឡែក, សម្រាប់គម្រោងទី ៤ របស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក នៅខេត្តក្រចេះ ក្រុមការងារបានពិនិត្យទិដ្ឋភាពបច្ចេកទេស នៃសំណើវិនិយោគរបស់ក្រុមហ៊ុន ដែលមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីត ប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ ។

អង្គប្រជុំបានសម្រេច និង ឯកភាពរួមគ្នា លើការកំណត់លក្ខខណ្ឌបច្ចេកទេស យន្តការ និង ការបំពេញនីតិវិធីនានា ដើម្បីបន្ត និងពន្លឿនការអនុវត្តការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធី ក្នុងការរៀបចំកិច្ចសន្យាសហការអភិវឌ្ឍវិនិយោគ សម្រាប់គម្រោងដែលទទួលបានគោលការណ៍វិនិយោគរួចរាល់ ពីរាជរដ្ឋាភិបាល និង បានស្វាគមន៍ចំពោះគម្រោងស្នើថ្មី ផងដែរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអនុម័តគោលការណ៍វិនិយោគ គឺជាជំហានដ៏មានសារសំខាន់មួយ, ប៉ុន្តែ ទន្ទឹមនេះ ការផ្តល់ការលើកទឹកចិត្ត និងការផ្តល់ការអនុគ្រោះជាក់ស្តែង គឺជាការងារចាំបាច់ ដែល ក.វ.ឦសាន ត្រូវបំពេញ ហើយការងារនេះទៀតសោត ទាមទារឱ្យមានការឆ្លើយតបឱ្យបានទាន់ពេលវេលា ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាចចាប់ផ្តើមសកម្មភាពវិនិយោគជាក់ស្តែងរបស់ខ្លួន បានទាន់ពេលវេលា ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន ប្រកបដោយទំនុកចិត្ត និង មានអនុលោមភាពគតិយុត្ត ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារសំខាន់នៃអភិក្រមការងារ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈ “យន្តការច្រកចេញ-ចូលតែមួយ” ក្នុងការផ្តល់ការលើកទឹកចិត្ត និងលិខិតអនុញ្ញាតទាំងឡាយដល់ក្រុមហ៊ុន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជាមួយនឹងការសម្រេចចិត្តរួមគ្នា នៅក្រោមការសម្របសម្រួលរួម របស់ក្រុមការងារ ក.វ.ឦសាន ដោយផ្អែកលើទិដ្ឋភាពច្បាប់ និង បច្ចេកទេសដែលមានជាធរមាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពិនិត្យ និង ដោះស្រាយលើទិដ្ឋភាពបច្ចេកទេស និងនីតិវិធីពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះជាក់ស្តែងដល់ក្រុមហ៊ុន ស្របតាមគោលការណ៍វិនិយោគ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន នាពេលកន្លងមក៕

អត្ថបទ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner