មេធំកំពូលអ៊ីរ៉ង់ហៅលោក ត្រាំ ថាជាឧក្រិដ្ឋជន
តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃសៅរ៍ បានថ្លែងចាត់ទុក លោក ដូណាល់ ត្រាំ ថា ជាឧក្រិដ្ឋជន ហើយបានស្តីបន្ទោសចំៗ លើប្រធានាធិបតីអាមេរិក រូបនេះ ចំពោះការស្លាប់បាតុករ។
បើតាមសារព័ត៌មាន AP, លោក Ayatollah Ali Khamenei ចាត់ទុកមេដឹកនាំអាមេរិករូបនេះ ថា ជា ឧក្រិដ្ឋជន សម្រាប់ការគាំទ្រក្រុមបាតុករ ក្នុងប្រទេសអ៊ីរ៉ង់ ហើយបានស្តីបន្ទោស លោក ដូណាល់ ត្រាំ ចំពោះការស្លាប់បាតុករ រាប់ពាន់នាក់។
នៅក្នុងសុន្ទរកថា ដែលផ្សាយដោយទូរទស្សន៍រដ្ឋ, លោក Khamenei បាននិយាយថា ការតវ៉ាបានធ្វើឱ្យមនុស្ស ជាច្រើនពាន់នាក់ស្លាប់ ដែលជាការចង្អុលបង្ហាញដំបូង ពីសំណាក់មេដឹកនាំអ៊ីរ៉ង់ ជុំវិញទំហំនៃការស្លាប់ និងរបួសមនុស្ស កើតចេញពីរលកនៃការតវ៉ា ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី២៨ ខែធ្នូ។
លោក Khamenei បាននិយាយថា «នៅក្នុងការបះបោរនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកទឹកចិត្តមនុស្ស ដែលមានគំនិតច្របូកច្របល់ ឱ្យទៅមុខ ហើយបាននិយាយដដែលៗថា យើងគាំទ្រអ្នក ដោយកម្លាំងយោធា»។
លោកបានរំលឹកឡើងវិញ នូវការចោទប្រកាន់ដែលថា សហរដ្ឋអាមេរិក ដែលស្វែងរកការត្រួតត្រា លើធនធានសេដ្ឋកិច្ច និងនយោបាយរបស់អ៊ីរ៉ង់។ លោកបាននិយាយថា «យើងចាត់ទុកប្រធានាធិបតីអាមេរិក ជាឧក្រិដ្ឋជន ដោយសារតែការស្លាប់មនុស្ស និងការខូចខាត ជាមួយនឹងការចោទប្រកាន់ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់»។
ជាការឆ្លើយតប, លោក ត្រាំ បានអំពាវនាវឱ្យបញ្ចប់រជ្ជកាល ជិត៤០ឆ្នាំ របស់លោក Khamenei ។ លោក Trump បានប្រាប់សារព័ត៌មាន Politico នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសៅរ៍ ថា «បុរសរូបនោះ គឺជាអ្នកជំងឺ ដែលគួរតែគ្រប់គ្រងប្រទេស ឱ្យបានត្រឹមត្រូវ ហើយឈប់សម្លាប់មនុស្ស»។ លោកបន្តថា «ប្រទេសរបស់លោក គឺជាកន្លែងដ៏អាក្រក់បំផុត ក្នុងការរស់នៅលើពិភពលោក ដោយសារតែភាពជាអ្នកដឹកនាំ មិនល្អ»។ លោក ត្រាំ បានបន្ថែមថា «វាដល់ពេលហើយដើម្បីស្វែងរកការដឹកនាំថ្មី នៅក្នុងប្រទេសអ៊ីរ៉ង់»៕
ប្រភពពី AP ប្រែសម្រួល ៖ សារ៉ាត
