ការប្រកួតស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ ចូលដល់វគ្គជម្រុះចុងក្រោយហើយ នឹងរកឃើញស្នាដៃល្អឯកចំនួន ៥ក្រុម

អត្ថបទដោយ៖
Sophol Kung

កម្មវិធីប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី” បានឈានដល់វគ្គជម្រុះចុងក្រោយហើយ ។


ការប្រកួតវគ្គជម្រុះនេះ បានធ្វើឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅអគារ GIA កោះពេជ្រ ក្នុងការស្វែងរកជ័យលាភី ១ ដល់លេខ៥ ពីក្នុងចំណោមបេក្ខជនដែលជាប់វគ្គជម្រុះ ១០ក្រុម បន្តពីវគ្គមុន ។ វគ្គជម្រុះចុងក្រោយនេះ ត្រូវបានដឹកនាំសម្របសម្រួលលើការធ្វើបទបង្ហាញគម្រោងសិក្សារបស់បេក្ខជនជាប់វគ្គជម្រុះ ១០ក្រុមចុងក្រោយ ដោយលោកស្រី សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមកាងាររៀបចំការប្រកួតប្រជែងនេះ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៥ ក្នុងកម្មវិធីចែកពានរង្វាន់ នាពេលខាងមុខនេះ ។


សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុន OCIC មានក្ខុវិស័យប្រែក្លាយទីតាំងកោះនរា ឱ្យក្លាយជា «បេះដូងរាជធានី» តាមរយៈការរៀបចំគម្រោងប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខភាពសាធារណៈ ទេសភាព សោភណភាពទីក្រុង និងផ្ដល់និមិត្តរូបថ្មីមួយបន្ថែមទៀតនៃការអភិវឌ្ឍរាជធានីភ្នំពេញ ។


សម្រាប់ការវាយតម្លៃនៃការប្រកួតប្រជែងស្នាដៃបេក្ខជន គឺស្ថិតក្រោមការពិនិត្យវាយតម្លៃដាក់ពិន្ទុ និងផ្តល់មតិយោបល់ណែនាំពីគណៈកម្មការ និងគណៈកម្មការកិត្តិយសចំនួន ៩រូប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំការប្រកួតប្រជែងអន្តរស្ថាប័នទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន តំណាងក្រុមហ៊ុន OCIC និងក្រុមការងារដៃគូសហការ ។


ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាគណៈកម្មការដាក់ពិន្ទុ បានមានប្រសាសន៍ថា ក្រុមបេក្ខជនដែលបានឈានមកដល់វគ្គជម្រុះនេះ សុទ្ធតែបានបង្ហាញពីទស្សនៈជឿនលឿន ក្នុងនាមជាស្ថាបត្យករវ័យក្មេង ដោយពួកគេមានការគិតគូរច្រើនទៅលើទីតាំងទាំងនៅកោះពេជ្រ និងនៅកោះនរា ក៏ដូចជាការដោះស្រាយបញ្ហាសង្គម បញ្ហាកកស្ទះចរាចរណ៍ ក៏ដូចជាបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ ។


ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា «បេះដូងរាជធានី» មិនមែនជាការប្រកួតប្រជែងដើម្បីឈ្នះចាញ់នោះទេ ក៏ប៉ុន្តែជាវគ្គរៀនសូត្រជាក់ស្ដែង ក្នុងកម្រិតដែលមានគណៈកម្មការ មានមេប្រយោគផ្ដល់មតិយោបល់ ដែលខុសពីការរៀនសូត្រក្នុងសាលា៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB ក្រសួងដែនដី

ads banner