អាគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅស្រុកអង្គរបូរីនិងជំរុញទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាកាន់តែច្រើន
តាកែវ៖ អាគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ.១៩ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមជំនួយឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការទាក់ទាញទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្តនៅក្នុងតំបន់នេះ ដែលមានកន្លែងទាក់ទាញភ្ញៀវយ៉ាងច្រើនកន្លែង ទាំងទេសចរណ៍បែបប្រវត្តិសាស្រ្ត និងទេសចរណ៍បែបធនធានធម្មជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានសម្តែងនូវការសាទរជាមួយនិងសម្មិទ្ធផលថ្មីក្នុងខេត្តនេះ ជាពិសេសគឺជាតំបន់ដែលមានសក្កដានុពលទាក់ទាញដល់ភ្ញឿវទេសចរណ៍ កាន់តែច្រើនឡើងមកចូលរួមទស្សនាកម្សាន្ត ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតជប៉ុនប្រចាំកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបានសម្របសម្រួល ផ្ដល់ការគាំទ្រ និងជំនួយជាថវិកា ព្រមទាំងការប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្ដគម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ រហូតបានសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈនាពេលនេះ។ ឯកឧត្តម ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន និងដៃគូអភិវឌ្ឍន៍នានា សូមបន្ដគាំទ្រនូវធនធានហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសសម្រាប់ការអនុវត្តគម្រោងផ្សេងទៀត នៅក្នុងតំបន់ដែលមានសក្ដានុពលប្រវត្ដិសាស្ដ្រ វប្បធម៌ និងកសិ-ទេសចរណ៍ផ្សេងទៀតនៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃ «គម្រោង TECHO ភូមិ១០០» ឱ្យកាន់តែទូលំទូលាយនិងផ្តល់ផលប្រយោជន៍កាន់តែធំធេងសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេស ពង្រឹងការតភ្ជាប់ខ្សែចង្វាក់ផលិតកម្មនៃផលិតផលកសិកម្មនៅកម្ពុជា។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម បានលើកទឹកចិត្តឱ្យបងប្អូនប្រជាសហគមន៍យកចិត្ដទុកដាក់ខ្ពស់ក្នុងការបង្កើតមុខរបរនិងភាពច្នៃប្រឌិតផ្សេងៗ ដែលជាផ្លែផ្កាពីគម្រោង ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាព ព្រមទាំងបន្តបំផុសនូវគំនិតច្នៃប្រឌិត បង្កើតផលិតផលថ្មី និងធ្វើការកែច្នៃផលិតផលសហគមន៍ឱ្យមានគុណភាពល្អប្រណិត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

លោក ណាហ្គាសិ កេនស៊ូកិ ឧបទូតនិងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរំលេចអំពីសវតារប្រវត្ដិសាស្ដ្រនៃទំនាក់ទំនងជប៉ុន-កម្ពុជា ដោយក្នុងនោះ ខេត្ដតាកែវ គឺជាទីតាំងសំខាន់សម្រាប់ទំនាក់ទំនងជប៉ុន-កម្ពុជាដែលបានកត់ត្រា ប្រហែល ១០០០ឆ្នាំមុន ផលិតផលនៃអាណាចក្រហ្វូណន ឬនគរភ្នំ ត្រូវបានផ្ញើជូនដល់អធិរាជជប៉ុន ហើយ ១៥០០ឆ្នាំក្រោយមក កងកម្លាំងស្វ័យការពារជប៉ុនបានមកឈរជើងនៅក្នុងខេត្តតាកែវ ដើម្បីចូលរួមកិច្ចប្រតិបត្ដិការរក្សាសន្ដិភាពរបស់អ៊ុនតាក់ ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោក ណាហ្គាសិ កេនស៊ូកិ ក៏បានសម្ដែងនូវអបអរសាទរចំពោះសមិទ្ធផលដែលក្រុមការងារសម្រេចបាន និងមានទំនុកចិត្ដថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងកសិកម្ម ព្រមទាំងការអភិវឌ្ឍក្នុងតំបន់ ហើយនឹងក្លាយជាគម្រោងគំរូមួយសម្រាប់ពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ភាពទាក់ទាញនៅតំបន់នានាផ្សេងទៀត។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និងជានាយកគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ បានជម្រាបជូនដល់អង្គពិធីឱ្យជ្រាបថា កាលពីឆ្នាំ២០២២ វ.ស.ស. ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាអង្គភាពសម្របសម្រួលអនុវត្តគម្រោងនេះសម្រាប់រយៈពេល ៤ឆ្នាំ ក្រោមជំនួយឥតសំណងពីមូលនិធិជប៉ុន សម្រាប់វិបុលភាពនិងភាពធន់សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទឹកប្រាក់ចំនួន ៣ លានដុល្លារ អនុវត្ដនៅតំបន់គោលដៅសក្ដានុពលទេសចរណ៍សហគមន៍បែបបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត និងកសិទេសចរណ៍ធម្មជាតិ ក្នុងតំបន់ភ្នំដា ខេត្តតាកែវ និងភូមិធម្មជាតិសម្ដេចតេជោហ៊ុនសែន ខេត្តព្រះវិហារ។ ឯកឧត្តម បញ្ជាក់បន្ថែមថា គម្រោងនេះ គឺជាគម្រោងសាកល្បងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌ «គម្រោង TECHO ភូមិ១០០» ដែលមានទស្សនទានផ្ដោតលើ “បច្ចេកវិទ្យា ការអប់រំ កិច្ចសហប្រតិបត្តិការ មនុស្សជាតិ និងភាពជាម្ចាស់” ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការស្តារនិងកសាងភាពធន់នៃទេសចរណ៍និងកសិកម្មសហគមន៍ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សមិទ្ធផលដែលក្រុមការងារសម្រេចបានក្នុងការអនុវត្ដគម្រោងនេះ រួមមាន ការកសាងអគារពហុបំណងទំហំ ៥,២៦៨ម៉ែត្រការ៉េការកែលម្អសោភ័ណភាពទីតាំង ការបណ្ដុះបណ្ដាលការភ្ញាស់ថែទាំកូនបង្កងនិងការចិញ្ចឹមបង្កទឹកសាប ការរៀបចំស្ដង់ដារទេសចរណ៍សហគមន៍ ការចិញ្ចឹមសត្វនិងដំណាំកសិកម្មដែលមានលក្ខណៈបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជូនដល់ប្រជាសហគមន៍ប្រមាណជាង ៧០០នាក់។ ឯកឧត្តម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រក្នុងការស្ដារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេស មូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (JFPR) និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រុមការងារសម្របសម្រួលអនុវត្តគម្រោង ព្រមទាំងអ្នកពាក់ព័ន្ធដែលបានបំពេញភារកិច្ចការងាររហូតដល់សម្រេចបាននូវសមិទ្ធផលដ៏ត្រចេះត្រងនាពេលនេះ។

យោងតាមរដ្ឋបាលស្រុកអង្គរបុរីបានឱ្យដឹងថា «អគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ» ដែលជាសមិទ្ធផលរបស់គម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ នៅរមណីយដ្ឋានភ្នំដារ ស្រុកអង្គបុរី ខេត្តតាកែវនេះ មានចម្ងាយប្រមានជា៧៨ គីឡូមែត្រពីរាជធានីភ្នំពេញ ដែលធ្វើដំណើរប្រមានជា៧២ម៉ោងប៉ុណ្ណោះ ។ លោកបន្ថែមថា ភ្ញៀវទេសចរណ៍អាចមកទស្សនានៅទេះបាន មានទីតាំងកម្សាន្តសំខាន់ចំនួន ក្នុងនោះមានទស្សនាសារៈមន្ទីរអង្គរបុរី អគារពហុបំណងតេជោភូមិ១០០ វត្តគំនូរ កំពែងក្រុង ប្រាសាទភ្នំដា ប្រាសាទអាស្រមមហាឥសី និងស្ថានីយបុរាណវិទ្យានៅភ្នំបុរី ។ជាមួយគ្នានេះ ទីតាំងនេះក៏មានទីតាំងសក្កដានុពលធម្មជាតិផងដែរ ដូចជា តំបន់អភិរក្សស្លែង អន្លង់អភិរក្សត្រីមេពូជ ជិះទូកកម្សាន្តតាមរយៈស្ទឹងអង្គរបុរីទៅកាន់ភ្នំបុរីនៅរដូវទឹកឡើង ដែលអាចមើលទេសភាពផ្ទៃលេចទឹក ដែលភ្ញៀវទេសចរណ៍អាចមកកម្សាន្តទស្សនាទាំងរដូវប្រាំងនិងរដូវក្សា៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា


