លោក ត្រាំ ថា ការបន្តតំណែងក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នឹងចំណាយ ១ ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឱ្យប្រទេសនានាចំណាយយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ដើម្បីបន្តជាសមាជិកក្នុង «ក្រុមប្រឹក្សាសន្តិភាព» តំបន់ហ្គាហ្សា លើសពីដែនកំណត់រយៈពេល ៣ឆ្នាំ ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីសេតវិមាន បានចាប់ផ្តើមដំណាក់កាលទីពីរ នៃគំនិតផ្តួចផ្តើមសន្តិភាព ដែលគាំទ្រដោយអាមេរិក សម្រាប់តំបន់ហ្គាហ្សា កាលពីសប្តាហ៍មុន ហើយបានបង្កើតនូវអ្វីដែលខ្លួនហៅថា «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យការកសាងឡើងវិញនូវតំបន់ប៉ាឡេស្ទីនមួយនេះ ។
ក្រៅពីការប្រកាសលើការចំណាយបន្តសមាជិកភាព សេតវិមានក៏បានផ្ញើលិខិតដែលគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ និងលក្ខខណ្ឌសមាជិកភាពរបស់ក្រុមប្រឹក្សាសន្តិភាព ជាមួយនឹងការអញ្ជើញទៅកាន់មេដឹកនាំពិភពលោករាប់សិបនាក់ផងដែរ ក្នុងបំណងស្នើសុំឱ្យពួកគេចូលរួមជាមួយក្រុមប្រឹក្សានេះ ។
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ, ក្រុមមេដឹកនាំដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សានេះ រួមមានប្រធានាធិបតីតួកគី នាយករដ្ឋមន្ត្រីកាណាដា ប្រធានាធិបតីប្រេស៊ីល និងប្រធានាធិបតីអាហ្សង់ទីនជាដើម ។
នេះបើតាមសារព័ត៌មាន RT, នៅពេលដែលដំណាក់កាលទីពីរនៃបទឈប់បាញ់ហ្គាហ្សាចាប់ផ្តើម លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវសាជាថ្មីឱ្យមានការដកកងជីវពលរបស់ក្រុមហាម៉ាស់ចេញពីតំបន់នេះទាំងស្រុង ហើយផ្ទេរអំណាចទៅឱ្យគណៈកម្មាធិការជាតិ សម្រាប់ការគ្រប់គ្រងតំបន់ហ្គាហ្សា (NCAG) ដែលទើបបង្កើតថ្មីវិញ ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា


