ភ្លើងឆេះព្រៃក៏កំណាចបង្ខំ ឈីលី ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន

សាន់ត្យាហ្គោ ៖ រដ្ឋាភិបាលឈីលីប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលភ្លើងឆេះព្រៃកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅភាគខាងត្បូងប្រទេស ដោយវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ និងបង្ខំឱ្យប្រជាជនច្រើនជាង ៥០.០០០នាក់ភៀសខ្លួនទៅតំបន់មានសុវត្ថិភាព ។

ប្រធានាធិបតីឈីលី លោក ហ្គាប្រ៊ីអែល បូរីគ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងតំបន់ភាគខាងត្បូងចំនួនពីរ ជាកន្លែងដែលភ្លើងឆេះព្រៃដ៏កំណាច បង្ខំឱ្យមនុស្សប្រហែល ២០.០០០នាក់ចាកចោលទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេទៅជ្រកកោននៅទីសុវត្ថិភាព ។

គិតមកទល់ពេលនេះ ក្រុមពន្លត់អគ្គីភ័យកំពុងដុតដៃដុតជើងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃចំនួន ១៩កន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះមាន ១២កន្លែងស្ថិតនៅក្នុងតំបន់ នូប៊ល និង ប៊ីយ៉ូប៊ីយ៉ូ ភាគខាងត្បូងនៃរដ្ឋធានីសាន់ត្យាហ្គោ ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភាគខាងត្បូងប្រទេសឈីលី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាក់ស្តែង ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ អគ្គិភ័យជាច្រើនបានកើតឡើងក្នុងពេលដំណាលគ្នានៅជិតទីក្រុង វីណា ឌែល ម៉ា ភាគពាយ័ព្យនៃទីក្រុងសាន់ត្យាហ្គោ ។

ហើយជាលទ្ធផលនោះ មនុស្សប្រមាណ ១៣៨នាក់បានស្លាប់ ខណៈដែលអាជ្ញាធរក៏បានរាយការណ៍ដែរថា អ្នកស្រុកប្រហែល ១៦,០០០នាក់បានរងផលប៉ះពាល់ ដោយអគ្គីភ័យទាំងនោះ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner