រថភ្លើងល្បឿនលឿនបុកគ្នា ស្លាប់មនុស្ស២១នាក់ នៅអេស្ប៉ាញ
ម៉ាឌ្រីដ ៖ មនុស្ស ២១នាក់ បានស្លាប់ និង ៧០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងល្បឿនលឿន ២គ្រឿង បុកគ្នា នៅក្នុងប្រទេសអេស្ប៉ាញ។
អ្នកនាំពាក្យ ប៉ូលិសអេស្ប៉ាញ បានប្រាប់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ។ ក្នុងនោះ រថភ្លើងមួយខ្សែ ធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid ដឹកអ្នកដំណើរ ប្រហែល ៣០០នាក់ បានរអិលធ្លាក់ចេញពីផ្លូវដែក នៅក្បែរទីក្រុង Adamuz រួចក៏ ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀត ជាហេតុធ្វើឱ្យបុកគ្នា នឹងរថភ្លើងមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរ។
លោក Antonio Sanz មន្ត្រីសង្រ្គោះបន្ទាន់ប្រាប់ថា ចំនួនអ្នកស្លាប់ប្រហែលជាអាចនឹងកើនឡើង ព្រោះមានមនុស្ស ៣០នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
អាជ្ញាធរកំពុងធ្វើ ការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះ។
សម្រាប់ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០១៣ ក៏ធ្លាប់មានករណីរថភ្លើងល្បឿនលឿនបានធ្លាក់ផ្លូវ នៅខាងក្រៅទីក្រុង Santiago de Compostela ភាគពាយ័ព្យ ប្រទេស សម្លាប់មនុស្ស ៨០នាក់ និងរបួសជាង ១៤០នាក់ ហើយពេលនោះ ត្រូវបានចាត់ទុកជាសោកនាដកម្មដ៏សាហាវបំផុត របស់អេស្ប៉ាញ ចាប់តាំងពីឆ្នាំ ១៩៤៤៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត