អេស្ប៉ាញ ថា លោក ពូទីន នឹងក្លាយជាបុគ្គលមានក្តីសុខបំផុតក្នុងលោក បើ អាមេរិក ឈ្លានពានកោះ Greenland
ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និយាយថា ការឈ្លានពានរបស់អាមេរិកលើកោះ Greenland នឹងធ្វើឱ្យលោកប្រធានាធិបតី Vladimir Putin ក្លាយជាបុគ្គលមានក្តីសុខបំផុតនៅលើពិភពលោក ពីព្រោះបើរឿងនេះកើតឡើង នោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏នឹងក្លាយជារឿងស្របច្បាប់ដែរ ។
លោកនាយករដ្ឋមន្រ្តី Sanchez បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សកម្មភាពយោធាណាមួយរបស់អាមេរិក ប្រឆាំងនឹងកោះអាកទិកដ៏ធំរបស់ប្រទេសដាណឺម៉ាក នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការ NATO ជាពិសេសធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ក្លាយជារឿងស្របច្បាប់ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តអះអាងថា កោះ Greenland មានសារៈសំខាន់ខ្លាំង ចំពោះសន្តិសុខជាតិអាមេរិក ដោយសារតែទីតាំងយុទ្ធសាស្ត្រ និងតំបន់រ៉ែដ៏ធំរបស់វា ហើយអាមេរិកក៏មិនបានច្រានចោលជម្រើសយោធា ដើម្បីដណ្តើមយកវានោះទេ ។
ជាការឆ្លើយតប ដាណឺម៉ាកព្រមានធ្ងន់ៗថា ការរឹបអូសយកទឹកដីប្រទេសសមាជិកអង្គការ NATO អាចនឹងបំផ្លាញសម្ព័ន្ធភាពយោធាដែលអាមេរិកដឹកនាំ ។ បន្ថែមលើនេះ ទាំងមេដឹកនាំដាណឺម៉ាក និងកោះ Greenland នៅតែអះអាងថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយក៏មិនចង់ក្លាយជាផ្នែកមួយនៃទឹកដីសហរដ្ឋអាមេរិកនោះដែរ ៕



ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា