អ៊ុយក្រែន ចោទ រុស្ស៊ី មិនចង់បញ្ចប់សង្គ្រាម និងកំពុងសំងំផលិតដ្រូនទ្រង់ទ្រាយធំមួយថ្ងៃ ១ ពាន់គ្រឿង
កៀវ ៖ ប្រទេសរុស្ស៊ីមិនចាប់អារម្មណ៍ការចរចាបញ្ចប់ជម្លោះដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ ជាពិសេសរុស្ស៊ីបែរជាកំពុងសំងំផលិតយន្តហោះដ្រូនឲ្យបាន ១ ពាន់គ្រឿងក្នុងមួយថ្ងៃទៅវិញ ។ នេះបើតាមការបញ្ជាក់ពីមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ។
លោក Oleksander Syskyi មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងបង្កើនសកម្មភាពយោធា និងចំនួនទាហានវាយលុក ជាពិសេសរុស្ស៊ីក៏កំពុងសម្រុកផលិតវុធវាយប្រហារ ដូចជា មីស៊ីល និងយន្តហោះដ្រូនជាដើម ។
លោក Syskyi បញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីកំពុងជំរុញផលិតយន្តហោះដ្រូន Shahed ដែលជាដ្រូនបង្កើតដោយអ៊ីរ៉ង់ក្នុងចំនួនរាប់រយគ្រឿងជារៀងរាល់ថ្ងៃ ជាមួយនឹងផែនការបង្កើនការផលិតចំនួនដ្រូនអត្តឃាតទាំងនោះ រហូតដល់ ១ ពាន់គ្រឿងក្នុងមួយថ្ងៃផងដែរ ។
លោកថា យោធាអ៊ុយក្រែនត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីរំខានដល់ផែនការទាំងនេះដើម្បីឲ្យសត្រូវបោះបង់ចោលមហិច្ឆតាផលិតរបស់ខ្លួន ។
ឆ្លើយតបនឹងការផលិតយន្តហោះដ្រូនរបស់រុស្ស៊ីនេះដែរ បណ្ដាមេដឹកនាំយោធាអ៊ុយក្រែនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍឧបករណ៍ស្ទាក់ចាប់ដ្រូនថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងសន្សំសំចៃបំផុត ដើម្បីតតាំងនឹងការវាយប្រហារដោយយន្តហោះដ្រូនឥតឈប់ឈររបស់រុស្ស៊ី ជាជាងការប្រើមីស៊ីលដែលមានតម្លៃថ្លៃ ។
ជាក់ស្ដែង ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក អ៊ុយក្រែនក៏បានអភិវឌ្ឍសមត្ថភាពក្នុងការផលិតយន្តហោះដ្រូនដោយខ្លួនឯងយ៉ាងឆាប់រហ័សផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា