កូរ៉េខាងត្បូង ពង្រាយមីស៊ីលលឿនជាងសំឡេង ១០ ដង នៅមូលដ្ឋានយោធាជួរមុខ កម្លា កូរ៉េខាងជើង
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យចាប់ផ្តើមដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីបមានល្បឿនលឿនជាងសំឡេងជិត ១០ ដង នៅឯមូលដ្ឋានយោធាជួរមុខ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់ និងប្រឆាំងរាល់ការគំរាមកំហែងនានារបស់យោធាកូរ៉េខាងជើង ។
បើតាមសារព័ត៌មាន Korea Times, មីស៊ីលនេះមានឈ្មោះ Hyunmoo-5 និងត្រូវគេដាក់រហស្សនាមថា មីស៊ីលបិសាច ដោយសារតែវាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់មានទម្ងន់សរុបពី ៨ តោនដល់ ៣៦ តោន ។
បើសិនផ្ទុកក្បាលគ្រាប់ទម្ងន់ ៨ តោន មីស៊ីល Hyunmoo-5 អាចហោះក្នុងចម្ងាយពី ៦០០ ទៅ ៨០០គីឡូម៉ែត្រ ប៉ុន្តែបើបំពាក់ក្បាលគ្រាប់ស្រាលជាងនេះ វាអាចហោះក្នុងចម្ងាយចន្លោះពី ៣ ពាន់ទៅ៥ ពាន់គីឡូម៉ែត្រ ។
មីស៊ីល Hyunmoo-5 មានកម្លាំងកម្ទេចស្មើនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រខ្នាតតូច ជាពិសេសវាមានសមត្ថភាពជ្រាបចូល និងបំផ្លាញលេណដ្ឋានសត្រូវនៅក្រោមដីក្នុងជម្រៅជាង ១០០ ម៉ែត្រ ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និយាយថា ដោយសារតែកូរ៉េខាងត្បូងជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ដូច្នេះហើយ ទីក្រុងសេអ៊ូលត្រូវតែពឹងផ្អែកលើអាវុធដែលមានឥទ្ធិពលខ្លាំងក្លា ដូចជាមីស៊ីល Hyunmoo-5 ទើបអាចទប់ទល់ និងប្រឆាំងជាមួយឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
មកទល់ពេលនេះ មីស៊ីល Hyunmoo-5 ត្រូវបានគេចាត់ទុកថា ជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូង ។ មីស៊ីលបិសាចនេះ បានចាប់ផ្តើមផលិតទ្រង់ទ្រាយធំកាលពីចុងឆ្នាំ ២០២៥ ហើយយោធាកូរ៉េខាងត្បូងមានគំរោងបញ្ចប់ការដាក់ពង្រាយមីស៊ីល Hyunmoo-5 រាប់រយគ្រាប់ទៅកាន់មូលដ្ឋានជួរមុខ នៅត្រឹមខែមិថុនា ឆ្នាំ ២០៣០ ៕
ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា